មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក៖ ស្រូវរដូវប្រាំងដែលប្រឈមការខ្វះទឹកចំនួន ៥០៥ហិកតា ត្រូវសង្គ្រោះរួចរាល់ ជូនប្រជាកសិករក្នុងខេត្តត្បូងឃ្មុំ
ភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ១រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម ប៊ុន ហ៊ាន រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានក្រុមការងារសម្របសម្រួលការងារគ្រប់គ្រងធនធានទឹក និងឧតុនិយមប្រចាំខេត្តកំពង់ឆ្នាំង ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ រួមដំណើរដោយឯកឧត្តមថ្នាក់ដឹកនាំ មន្ត្រីជំនាញក្រសួង បានចុះពិនិត្យស្ថានភាពការងារបង្កបង្កើនផលស្រូវរដូវប្រាំង និងដំណាំរួមផ្សំតាមប្រព័ន្ធធារាសាស្ត្រនានា ក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ ក្រុមការងារ និងលោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តត្បូងឃ្មុំ បានអញ្ជើញចុះពិនិត្យ និងអន្តរាគមន៍បូមទឹកជូនប្រជាកសិករដែលកំពុងជួបបញ្ហាខ្វះទឹកនៅក្នុងខេត្តត្បូងឃ្មុំ តាមទីតាំងមួយចំនួនដូចជា៖ ទី១)បូមទឹកសង្គ្រោះស្រូវប្រាំង ១២៣ហិកតា និងដំណាំរួមផ្សំ ៨០ហិកតា ស្ថិតនៅឃុំបឹងព្រួល ស្រុកត្បូងឃ្មុំ និងទី២)បូមទឹកសង្គ្រោះស្រូវរដូវប្រាំងចំនួន ១៩៣ហិកតា នៅទំនប់អាងស្តុកទឹកបាក់អាយ ស្ថិតនៅឃុំកក់ ស្រុកពញាក្រែក។
ឯកឧត្តមរដ្ឋលេខាធិការមានប្រសាសន៍ឱ្យដឹងថាស្រូវរដូវប្រាំងដែលប្រឈមការខ្វះទឹកចំនួន ៥០៥ហិកតា ត្រូវសង្គ្រោះរួចរាល់ ដោយឡែកស្រូវរដូវប្រាំងចំនួន ១៩៣ហិកតា ទៀតបាននិងកំពុងសង្គ្រោះពីសំណាក់ក្រុមការងារ នៃមន្ទីរធនធានទឹក និងឧតុនិយមខេត្តត្បូងឃ្មុំ។
ឯកឧត្តមរដ្ឋលេខាធិការក៏បានណែនាំដល់មន្ទីរធនធានទឹក និងឧតុនិយមខេត្តត្បូងឃ្មុំឱ្យបន្តតាមដាន និងត្រៀមគ្រឿងចក្រ ឧបករណ៍ និងសម្ភារៈសម្រាប់ការងារអន្តរាគមន៍ស្រូវប្រាំងនៅទីតាំងផ្សេងៗ ទៀត នៅទូទាំងខេត្តត្បូងឃ្មុំ ៕