មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ ទទួលស្វាគមន៍ដំណើរទស្សនកិច្ចជាផ្លូវការ របស់កងកម្លាំងការពារព្រំដែនចន្ទបូរី-ត្រាត
ភ្នំពេញ៖ ឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ នាថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ បានទទួលស្វាគមន៍ដំណើរទស្សនកិច្ចផ្លូវការដើម្បីរឹតចំណងសម្ព័ន្ធមេត្រីភាព និងបំពេញការងាររបស់ប្រតិភូកងកម្លាំងការពារព្រំដែនចន្ទបូរី-ត្រាត ដែលដឹកនាំដោយឧត្តមនាវីត្រី ថាប៉ាត់ សុផាកាន នាយសេនាធិការ កងកម្លាំងការពារព្រំដែនចន្ទបូរី-ត្រាត អញ្ជើញចូលរួមក្នុងពិធីនេះរួមមាន៖ លោកមេបញ្ជាការរង លោកនាយសេនាធិការរង នាយ ការិយាល័យ ផ្នែក នៅសាលប្រជុំទីបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១។
ឧត្តមសេនីយ៍ត្រី មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ បានមានប្រសាសន៍ថាកងកម្លាំងការពារព្រំដែនចន្ទបូរី-ត្រាត ដែលបានអញ្ជើញមកកាន់ទីបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ នាឨកាសពេលនេះ គឺជាដំណើរទស្សនកិច្ចផ្លូវការមួយដើម្បីពង្រឹងសម្ព័ន្ធមេត្រីភាព កិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរឲ្យកាន់តែរឹងមាំថែមទៀត ហើយលោកមេបញ្ជាការ ក៏បានជូនពរដំណើរបំពេញទស្សនកិច្ចរបស់កងកម្លាំងការពារព្រំដែនចន្ទបុរី-ត្រាត ឲ្យទទួលបានជោគជ័យ និងប្រកបដោយសុខសុវត្ថិភាព។
ឆ្លើយតបក្នុងពិធីនេះ ឧត្តមនាវីត្រី ថាប៉ាត់ សុផាកាន បានមានប្រសាសន៍ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឧត្តមសេនីយ៍ត្រី មេបញ្ជាការ និងថ្នាក់ដឹកនាំ កងពលតូចថ្មើរជើងលេខ៥១ ដែលបានទទួលស្វាគមន៍យ៉ាងស្និទ្ធស្នាល និងដិតដល់ចំពោះគណ:ប្រតិភូកងកម្លាំងការពារព្រំដែនច័ន្ទបុរី-ត្រាត ក្នុងដំណើរទស្សនកិច្ចសិក្សាដើម្បីរឹតចំណងសម្ព័ន្ធមេត្រីភាព និងបំពេញការងាររបស់ប្រតិភូកងកម្លាំងការពារព្រំដែនចន្ទបូរី-ត្រាតនៅពេលនេះ។