ឯកឧត្ដម ឆាយ ថន និងឯកឧត្តម ហ៊ុន ម៉ានី ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមករា និងលើកទិសដៅភារកិច្ចខែកុម្ភៈ ឆ្នាំ២០២៤
ភ្នំពេញ៖ នាព្រឹកថ្ងៃទី ២៧ ខែមករា ឆ្នាំ ២០២៤ ឯកឧត្ដម ឆាយ ថន សមាជិកអចិន្រ្តយ៍គណៈកម្មាធិការកណ្តាល និងឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះជួយខេត្តកំពង់ស្ពឺ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមករា និងលើកទិសដៅភារកិច្ចខែកុម្ភៈ ឆ្នាំ២០២៤ នៅមន្ទីរគណបក្សខេត្ត។
អញ្ជើញចូលរួមនាឱកាសនោះរួមមាន ឯកឧត្តម អនុប្រធានក្រុមការងារចុះជួយមូលដ្ឋានខេត្ត ក្រុមការងារចុះជួយមូលដ្ឋានខេត្ត-ក្រុង ស្រុក-ឃុំ-សង្កាត់ ឯកឧត្តម លោកជំទាវ សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សក្រុង-ស្រុក ឯកឧត្តម លោកជំទាវ លោក លោកស្រីគណៈកម្មាធិការគណបក្សឃុំ-សង្កាត់ សរុប ៣៥០នាក់។
ជាកិច្ចចាប់ផ្តើម ឯកឧត្តម ហ៊ុន ម៉ានី បានសម្តែងនូវសេចក្តីសោមនស្សរីករាយ ដែលបានជួបប្រជុំជាមួយក្រុមការងារទាំងអស់ជាលើកដំបូង ក្នុងឆ្នាំ ២០២៤ នេះ។ ឯកឧត្តមបានគូសបញ្ជាក់ថាកិច្ចប្រជុំនេះ មានគោលបំណងស្តាប់នូវរបាយការណ៍ តាមដានវឌ្ឍនភាពការងារ និងដាក់ទិសដៅខែបន្ទាប់។
បន្ទាប់ពីបានស្តាប់នូវរបាយការណ៍ ឯកឧត្តមបានវាយតម្លៃខ្ពស់ និងកោតសសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារចុះជួយខេត្ត ស្រុក ឃុំ គណៈកម្មាធិការគណបក្ស សមាជិក សមាជិកា ដែលបានពុះពារសម្រេចកិច្ចការងារខែមករាកន្លងទៅ។ ទន្ទឹមនឹងនេះ ឯកឧត្តមក៏បានចែករំលែកនូវមតិផ្ទាល់ខ្លួន ក៏ដូចជាបានផ្តល់អនុសាសន៍ណែនាំ ដល់សមាជិក សមាជិកា ក្នុងអង្គប្រជុំផងដែរ ៕