កសិកររងគ្រោះដោយភ្លើងឆេះស្រូវ នៅស្រុកគិរីវង់ ទទួលបានយុត្តិធម៌ និងថ្លែងអំណរគុណ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានគិតគូរជួយសម្រាលការលំបាក
ភ្នំពេញ៖ បន្ទាប់ពីបានឃើញព័ត៌មានតាមបណ្តាញសង្គម Tik Tok ស្តីពីករណីដុតស្រូវប្រជាកសិករនោះ, នៅរសៀលថ្ងៃទី ២៩ ខែមករា ឆ្នាំ២០២៤នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យលោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ផ្តល់ជូនលោក យន ឡាច អាយុ ៥៩ឆ្នាំ ជាកសិកររងគ្រោះដោយការដុតស្រូវ រស់នៅភូមិសំរោងខាងលិច ឃុំគោកព្រេច ស្រុកគិរីវង់ ខេត្តតាកែវ។
ក្នុងឱកាសនោះ លោកជំទាវអគ្គលេខាធិការរងទី១ បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ និងការសោកស្តាយចំពោះហេតុការណ៍ខាងលើនេះ ជាពិសេសផ្តាំផ្ញើដល់បងប្អូនប្រជាកសិករទាំងអស់ សូមមានការប្រុងប្រយ័ត្នកុំឱ្យមានករណីដូចនេះកើតឡើងទៀត ត្រូវចេះយោគយល់គ្នា អធ្យាស្រ័យគ្នា ក្នុងនាមជាខ្មែរដូចគ្នា និងត្រូវដោះស្រាយបញ្ហាដោយសន្តិវិធី។
លោកជំទាវ បានផ្តាំផ្ញើសូមថែទាំសុខភាពឱ្យបានល្អ បន្តប្រឹងប្រែងប្រកបរបរចិញ្ចឹមជីវិតដើម្បីលើកកម្ពស់ជីវភាពគ្រួសារ។
ជាកិច្ចឆ្លើយតប លោក យន ឡាច មានក្តីរំភើបរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានគិតគូរពីសុខទុក្ខ លើកទឹកចិត្ត ព្រមទាំងឧបត្ថម្ភគ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ និងថវិកា ១០លានរៀល ដើម្បីជួយសម្រាលការលំបាកក្នុងជីវភាពរស់នៅ។
លោក ក៏បានថ្លែងអំណរគុណដល់អាជ្ញាធរមូលដ្ឋាន ដែលបានជួយដោះស្រាយបញ្ចប់បញ្ហាដោយសន្តិវិធី ទទួលបានយុត្តិធម៌ ក្រោមម្លប់សន្តិភាព និងការអភិវឌ្ឍ។
បន្ទាប់ពីកម្មវិធីខាងលើនេះ លោកជំទាវ ម៉ែន នារីសោភ័គ និងសហការី រួមជាមួយមន្ត្រីសាខាកាកបាទក្រហមកម្ពុជា ខេត្តតាកែវ និងអនុសាខាស្រុកគិរីវង់ បានបន្តចុះសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ជូនចាស់ឥតទីពឹងចំនួន ៣៨គ្រួសារ រស់នៅក្នុងឃុំគោកព្រេច ស្រុកគិរីវង់ ខេត្តតាកែវ ផងដែរ។
ក្នុងឱកាសជួបសំណេះសំណាលជាមួយលោកយាយលោកតាទាំងអស់ លោកជំទាវអគ្គលេខាធិការរងទី១ បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងការគិតគូរពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចំពោះលោកយាយលោកតាទាំងអស់ និងផ្តាំផ្ញើសូមថែទាំសុខភាពឱ្យបានល្អ បរិភោគមានអនាម័យ មានអាហារូបត្ថម្ភត្រឹមត្រូវ កុំហូបប្រៃពេកផ្អែមពេកខ្លាញ់ពេក និងគ្រឿងស្រវឹង ដែលបង្កឱ្យមានជំងឺផ្សេងៗ។ ជាមួយគ្នានេះ សូមចូលរួមថែរក្សាការពារបរិស្ថាន កាត់បន្ថយការប្រីប្រាស់ថង់ប្លាស្ទិក ដើម្បីសុខភាពល្អរបស់យើងទាំងអស់គ្នា និងភពផែនដីទាំងមូល។
សូមបញ្ជាក់ថា គ្រួសារនីមួយៗទទួលបាន អង្ករ ២៥គីឡូក្រាម, មី ១កេស, ត្រីខ ១០កំប៉ុង, ទឹកស៊ីអ៊ីវ ឬទឹកត្រី ១យួរ និងឃីត (មុង ភួយ សារុង ក្រមា) ១កញ្ចប់៕