នគរបាលស្រុកភ្នំព្រឹកនិងស្រុកកំរៀង បញ្ជូនយុវជនប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ២នាក់ ទៅមណ្ឌលកែប្រែ
បាត់ដំបង៖ ដោយអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់របស់លោកវរសេនីយ៍ឯក សុខ និមល ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ កម្លាំងអធិការដ្ឋាននគរបាលស្រុកភ្នំព្រឹក និងស្រុកកំរៀង បានធ្វើការបង្ក្រាបករណីប្រើប្រាស់គ្រឿងញៀនខុសច្បាប់ចំនួន ២លើកផ្សេងគ្នា។
ការបង្ក្រាបលើកទី១ នៅចំណុចភូមិអូររំដួល ឃុំអូររំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ជំនាញប្រឆាំងគ្រឿងញៀន និងប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋាននគរបាលស្រុកភ្នំព្រឹក ចុះបង្រ្កាបបានឃាត់ខ្លួនមុខសញ្ញា ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនម្នាក់ ឈ្មោះ កែវ រតនា ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិអូររំដួល ឃុំអូររំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។
ការបង្ក្រាបលើកទី២ វេលាម៉ោង០៩:៣០នាទី នៅចំណុចភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ជំនាញប្រឆាំងគ្រឿងញៀន និងប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋាននគរបាលស្រុកកំរៀង ចុះបង្រ្កាបបានឃាត់ខ្លួនមុខសញ្ញា ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនម្នាក់ ឈ្មោះ ហេង ពន្លឺ ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅ ភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។
ករណីនេះ កម្លាំងនគរបាលស្រុកភ្នំព្រឹកនិងស្រុកកំរៀង បានកសាងសំណុំរឿងបញ្ជូនទៅមណ្ឌលកែប្រែពិភពនៃក្តីសង្ឃឹម ស្រុកបវេល ខេត្តបាត់ដំបង ដើម្បីបន្សាបគ្រឿងញៀនតាមបណ្តឹងនិងសំណូមពររបស់ក្រុមគ្រួសារនិងអាណាព្យាបាល៕