ឯកឧត្តម ប៉េង ពោធិ៍នា ណែនាំដល់ថ្នាក់ដឹកនាំពាក់ព័ន្ធ ត្រូវយកចិត្តទុកដាក់ទំនុកបំរុង និងលើកទឹកចិត្ត ដល់កីឡាករ និងគ្រូបង្វឹកគ្រប់រូប របស់ក្រុមបាល់ទាត់យុវជនស.ស.យ.ក. វិស័យសាធារណការ និងដឹកជញ្ជូន
ភ្នំពេញ៖ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានណែនាំដល់ថ្នាក់ដឹកនាំពាក់ព័ន្ធ ត្រូវយកចិត្តទុកដាក់ទំនុកបំរុង និងលើកទឹកចិត្តគ្រប់រូបភាព ដល់កីឡាករ និងគ្រូបង្វឹកគ្រប់រូប របស់ក្រុមបាល់ទាត់យុវជនស.ស.យ.ក. វិស័យសាធារណការ និងដឹកជញ្ជូន។
ការណែនាំរបស់ឯកឧត្សមរដ្ឋមន្រ្តីបែបនេះបានធ្វើឡើង នាល្ងាចថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ ក្នុងពេលអនុញ្ញាតឱ្យ គណៈប្រតិភូក្រុមបាល់ទាត់យុវជនស.ស.យ.ក. វិស័យសាធារណការ និងដឹកជញ្ជូន ដឹកនាំដោយ ឯកឧត្តម ឈួន វិន រដ្ឋលេខាធិការ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា វិស័យសាធារណការ និងដឹកជញ្ជូន និងជាអ្នកផ្តួចផ្តើមគំនិតបង្កើតក្រុមបាល់ទាត់ រួមជាមួយ ឯកឧត្តម ហេង រត្នពិសិដ្ឋ អគ្គនាយកសាធារណការ និងជាប្រធានប្រតិភូក្រុមបាល់ទាត់យុវជនស.ស.យ.ក. វិស័យសាធារណការ និងដឹកជញ្ជូន ចូលជួបសម្តែងការគួរសម និងសំណេះសំណាល ទទួលយកអនុសាសន៍ល្អៗ ដោយមានការចូលរួមផងដែរពី ឯកឧត្តមជាថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធមួយចំនួនផ្សេងទៀត។
ក្នុងពិធីសំណេះសំណាលនាល្ងាចនេះ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ក្រុមបាល់ទាត់យុវជនស.ស.យ.ក. វិស័យស.ក.ដ. ដែលបានប្រឹងប្រែងហ្វឹកហាត់រហូតដណ្តើមបានជ័យលាភី ក្នុងការប្រកួតបាល់ទាត់យកពានរង្វាន់ “មិត្តភាពយុវជន ស.ស.យ.ក អន្តរក្រសួង-ស្ថាប័ន” ប្រចាំឆ្នាំ២០២៣ កន្លងទៅ។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានផ្តាំផ្ញើឱ្យកីឡាករគ្រប់រូបបន្តយកចិត្តទុកដាក់ហ្វឹកហាត់បន្ថែមទៀត សម្រាប់រដូវកាលថ្មី ឆ្នាំ២០២៤នេះ ព្រមទាំងបង្កើននូវសាមគ្គីភាព មិត្តភាព និងភាពស្និតស្នាល ពីស្ថាប័នមួយ ទៅស្ថាប័នមួយ តាមរយៈការហ្វឹកហាត់ និងការលេងនូវកីឡាមួយនេះ។
បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានណែនាំដល់ថ្នាក់ដឹកនាំពាក់ព័ន្ធ ត្រូវយកចិត្តទុកដាក់ទំនុកបំរុង និងលើកទឹកចិត្តក្នុងគ្រប់រូបភាព ដល់កីឡាករ និងគ្រូបង្វឹកគ្រប់រូប ដើម្បីឱ្យការហ្វឹកហាត់កាន់មានប្រសិទ្ធិភាព និងលទ្ធផលគាប់ប្រសើរបន្តទៀត ពិសេសគឺត្រូវមានរៀបចំផែនការសកម្មភាពទុកជាមុនឱ្យបានច្បាស់លាស់ មុននឹងចូលរួមការប្រកួតមួយលើកៗ ដើម្បីបញ្ចៀសការប៉ះពាល់ដល់ការងារស្នូលដែលត្រូវបំពេញ។
សូមរម្លឹកដែរថា ក្រុមបាល់ទាត់យុវជនស.ស.យ.ក. វិស័យស.ក.ដ. ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ២០១៣ ដោយបានចូលរួមការប្រកួតមិត្តភាព និងប្រកួតដណ្តើមពានរង្វាន់ផ្សេងៗជាហូរហែ។ ក្រុមបាល់ទាត់នេះ ដំណើរការបានយ៉ាងរលូន គឺដោយសារមានការគាំទ្រពីថ្នាក់ដឹកនាំក្រសួងគ្រប់លំដាប់ថ្នាក់ តាំងពីដើមរៀងមក ហើយបច្ចុប្បន្ន ឯកឧត្តមរដ្ឋមន្ត្រី ព្រមទាំងថ្នាក់ដឹកនាំ និងគ្រប់អង្គភាពក្រោមឱវាទក្រសួង ក៏នៅតែបន្តជួយឧបត្ថម្ភគាំទ្រក្នុងគ្រប់រូបភាពផងដែរ៕