មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥២ អញ្ជើញបិទវគ្គហ្វឹកហ្វឺនព្យុះហយាត្រា និងបើកវគ្គហ្វឹកហ្វឺនពង្រឹងកាយកីឡា
ភ្នំពេញ៖ នាថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ នៅទីបញ្ជាការកងពលតូចថ្មើរជើងលេខ៥២ បានរៀបចំពិធីបិទវគ្គហ្វឹកហ្វឺនព្យុះហយាត្រា និងបើកវគ្គហ្វឹកហ្វឺនពង្រឹងកាយកីឡា ក្រោម អធិបតីភាព ឧត្តមសេនីយ៍ត្រី គុជ នាង មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥២ ស្ថិតនៅភូមិផ្លូវមាស ឃុំផ្លូវមាស ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ។
ក្នុងរបាយការណ៍បិទវគ្គបានឱ្យដឹងថា៖ វគ្គហ្វឹកហ្វឺនព្យុះហយាត្រានេះ មានចំនួនសរុប ១១០នាក់ ក្នុងនោះ៖ គ្រូយោធាចារ្យ ចំនួន ៥នាក់ បម្រើការ ចំនួន ៥នាក់ និងសិក្ខាកាម ចំនួន ១០០នាក់ ហ្វឹកហ្វឺនរយៈពេល ៦១ថ្ងៃ ចាប់ពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣ ដល់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ ជាលទ្ធផលក្នុងពេលបញ្ចប់វគ្គនេះ សិក្ខាកាមទទួលបាននិទ្ទេសល្អ ៣៥% និទ្ទេសបង្គួរ ៥០% និងនិទ្ទេសមធ្យម ១៥% ។
ឧត្តមសេនីយ៍ត្រី គុជ នាង មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥២ បានមានប្រសាសន៍ថា ការហ្វឹកហ្វឺនរៀនសូត្រជាអាទិភាពខ្ពស់ ដែលថ្នាក់លើបានយកចិត្តទុកដាក់ ក្នុងការបណ្ដុះបណ្ដាលនូវធនធានមនុស្ស ដើម្បីបង្កើនចំណេះដឹង សមត្ថភាពវិជ្ជាជីវៈដល់កងទ័ព ក្នុងជួរកងយោធពលខេមរភូមិន្ទ។
លោកឧត្តមសេនីយ៍ត្រី បានថ្លែងអំណរគុណដល់គណៈកម្មាការគ្រប់គ្រងវគ្គ គ្រូយោធាចារ្យ និងសិក្ខាកាមក្នុងវគ្គហ្វឹកហ្វឺនទាំងអស់ ដែលបានយកចិត្តទុកដាក់ខិតខំប្រឹងប្រែងអនុវត្តសម្រេចតាមបទបញ្ជា និងផែនការរបស់ថ្នាក់លើ ដើម្បីឱ្យការងារហ្វឹកហ្វឺននេះ បានបញ្ចប់វគ្គដោយរលូន និងទទួលបានលទ្ធផលល្អប្រសើរគួរជាទីមោទន:។
លោកមេបញ្ជាការ បានផ្តាំផ្ញើដល់សិក្ខាកាមគ្រប់រូប ក្រោយពេលបញ្ចប់វគ្គហ្វឹកហ្វឺន ត្រូវយកចំណេះដឹងទាំងនេះ ដើម្បីទៅបម្រើការនៅក្នុងកងឯកភាពនីមួយៗ និងត្រូវប្តេជ្ញាចិត្តត្រៀមខ្លួនដាច់ខាតក្នុងភារកិច្ចការពារជាតិ ការពារបូរណភាពទឹកដី ការពាររដ្ឋធម្មនុញ្ញ ការពារព្រះមហាក្សត្រ ការពាររាជរដ្ឋាភិបាលស្របច្បាប់ ការពារប្រជាជន និងរួមគ្នាថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍន៍ដែលកំពុងមានបច្ចុប្បន្ននេះផងដែរ។ ហើយក៏សូមប្រកាសបិទវគ្គហ្វឹកហ្វឺនព្យុះហយាត្រា និងបើកវគ្គហ្វឹកហ្វឺនពង្រឹងកាយកីឡាចាប់ពីពេលនេះតទៅ៕