ឯកឧត្តម ស្វាយ សំអ៊ាង អញ្ជើញជាអធិបតីភាពក្នុងពិធីអបអរសាទរទិវាជ័យជំនះ ៧មករា នៅសាលាស្រុកសេសាន
ភ្នំពេញ៖ ឯកឧត្តម ស្វាយ សំអ៊ាង សមាជិកគណៈកម្មាធិការកណ្ដាលគណបក្ស និងជាប្រធានគណបក្សប្រជាជនកម្ពុជាខេត្តស្ទឹងត្រែង នាថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីភាពក្នុងពិធីអបអរសាទរទិវាជ័យជំនះ ៧មករា (៧ មករា ១៩៧៩ – ៧ មករា ២០២៤) នៅសាលាស្រុកសេសាន ខេត្តស្ទឹងត្រែង។
ឯកឧត្តម ស្វាយ សំអ៊ាង បានមានប្រសាសន៍ថា បើគ្មានជ័យជម្នះ ៧មករា ១៩៧៩ យើងក៏គ្មានជីវិត និងការអភិវឌ្ឍដូចសព្វថ្ងៃ ដែលចំណុចនេះគឺជាសច្ចភាពប្រវត្តិសាស្រ្តកម្ពុជា គ្មានជនណា ឬកម្លាំងណាអាចមកបំភ្លៃ បំផ្លើស និងបំផ្លាញបានឡើយ។
នាឱកាសនោះដែរ ឯកឧត្តម ស្វាយ សំអ៊ាង បានឲ្យដឹងថា រយៈពេល៤៥ឆ្នាំបន្ទាប់ពីជ័យជម្នះ ៧ មករា ១៩៧៩ ប្រទេសកម្ពុជាបានឆ្លងកាត់របត់នយោបាយ និងសេដ្ឋកិច្ចជាច្រើនដំណាក់កាល និងបានផ្លាស់ប្តូរមុខមាត់ថ្មីលើគ្រប់វិស័យ បានបញ្ចប់សង្គ្រាមស៊ីវិលដ៏រ៉ាំរ៉ៃ នាំមកនូវសន្តិភាព ឯកភាពជាតិ ឯកភាពទឹកដី និងការអភិវឌ្ឍ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់សមេ្តចតេជោ ហ៊ុន សែន។
ឯកឧត្តមបានបន្តថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា កំពុងបន្តដឹកនាំនាវាកម្ពុជា និងធានាបាននិរន្តរភាពជាតិ សន្តិភាព ស្ថិរភាព ដែលជាមូលដ្ឋានគ្រឹះក្នុងការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ។
ជាមួយគ្នានោះឯកឧត្តម ស្វាយ សំអ៊ាង ក៏បានប្តេជ្ញាចិត្តក្នុងការបន្តធ្វើជាឆ្អឹងខ្នងដ៏រឹងមាំរបស់ប្រទេសជាតិ ការពារដាច់ខាត ជាតិ សាសនា ព្រះមហាក្សត្រ និងសមិទ្ធផលជាតិ ដែលជាស្នាដៃដ៏ឧត្តុង្គឧត្តមបំផុតជាប្រវត្តិសាស្ត្របន្សល់ទុកពីសម្ដេចតេជោ ហ៊ុន សែន អគ្គមគ្គុទ្ទេសក៍នៃសន្តិភាព និងការអភិវឌ្ឍជាតិកម្ពុជា៕