រដ្ឋសភាផ្តើមដំណើរការនីតិវិធី ជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ ចំនួន ២រូប
ភ្នំពេញ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា នៅព្រឹកថ្ងៃពុធទី៣១ ខែមករា ឆ្នាំ២០២៤ នៅវិមានរដ្ឋសភា។
កិច្ចប្រជុំគណៈកម្មាធិការនាពេលនេះ បានអនុម័តលើគោលការណ៍នៃការជ្រើសតាំងសមាជិកព្រឹទ្ធសភាសម្រាប់នីតិកាលទី៥ ចំនួន ២ រូប ដោយបានប្រគល់ភារកិច្ចជូនអគ្គលេខាធិការដ្ឋានរដ្ឋសភា រៀបចំសេចក្តីជូនដំណឹងជ្រើសរើសឥស្សរជន ដែលមានលក្ខណៈសម្បត្តិសមស្រប ហើយធ្វើរបាយការណ៍ជូន គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាវិញ ដើម្បីបន្តនីតិវិធី។
សូមជម្រាបថាក្នុងចំណោមសមាជិកព្រឹទ្ធសភាចំនួន ៦២រូប ក្រៅពីការបោះឆ្នោតជ្រើសតំាង តាមរយៈការបោះឆ្នោតជាអសកល សមាជិកព្រឹទ្ធសភា ២រូប ត្រូវចាត់តាំងដោយព្រះមហាក្សត្រ និង២ រូប ទៀតជ្រើសតាំងដោយរដ្ឋសភា តាមមតិភាគច្រើនដោយប្រៀប។
សូមជម្រាបជូនថា ព្រះរាជាណាចក្រកម្ពុជា នឹងរៀបចំបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ខាងមុខ ៕