ក្រសួងអភិវឌ្ឍន៍ជនបទ បិទសិក្ខាសាលាពិគ្រោះយោបល់ស្ដីពីវិធីសាស្រ្ដស្រាវជ្រាវអំពីតម្រូវការបណ្តុះបណ្តាលជូនមន្ត្រីរាជការក្រសួងអភិវឌ្ឍន៍ជនបទ ឆ្នាំ២០២៤-២០២៦
ភ្នំពេញ៖ នារសៀលថ្ងៃពុធ ៦រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត នួន ពេជ្រនិមិត្ត រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីក្នុងពិធីបិទសិក្ខាសាលាពិគ្រោះយោបល់ស្ដីពីវិធីសាស្រ្ដស្រាវជ្រាវអំពីតម្រូវការបណ្តុះបណ្តាលជូនមន្ត្រីរាជការក្រសួងអភិវឌ្ឍន៍ជនបទ ឆ្នាំ២០២៤-២០២៦ ដោយការអញ្ជើញចូលរួម ពីសំណាក់ ឯកឧត្តមអនុរដ្ឋលេខាធិការ អគ្គាធិការរងអគ្គនាយករង ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទរាជធានី ខេត្តទាំង២៥ ព្រមទាំងមន្ដ្រីរាជការ និងតំណាងអង្គការ ដៃគូអភិវឌ្ឍន៍ សរុបចំនួន ៨៥នាក់។
បន្ទាប់ពីបានស្ដាប់របាយការណ៍បូកសរុបរបស់ លោក ឌី សារ៉ាត់ ប្រធាននាយកដ្ឋានបណ្ដុះបណ្ដាល និងស្រាវជ្រាវ រួមមក ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការរៀបចំរបស់នាយកដ្ឋានជំនាញ និងសមាជិក សមាជិកា នៃសិក្ខាសាលាដែលបានចូលរួមយ៉ាងសកម្ម និងស្វាហាប់ រយៈពេលពេញ ០១ថ្ងៃ ដោយទទួលបានលទ្ធផលដែលជាធាតុចូលដ៏មានសារៈសំខាន់សម្រាប់ឱ្យការសិក្សានេះមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងច្បាស់លាស់។
ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ បានមានប្រសាសន៍ថា សិក្ខាសាលាពិគ្រោះយោបល់ស្តីពីការស្រាវជ្រាវស្ដីពីតម្រូវការបណ្តុះបណ្តាលមន្ត្រីរាជការឆ្នាំ ២០២៤-២០២៦ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ដែលបាននិងកំពុងដំណើរការនាពេលនេះ គឺជាផ្នែកមួយនៃការអនុវត្តសកម្មភាពការងារអភិវឌ្ឍន៍មូលធនមនុស្ស ឆ្លើយតបទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងការពង្រឹងសមត្ថភាពមន្រ្តីរាជការ ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ជាងមុន។
ក្នុងឱកាសបិទសិក្ខាសាលានេះ ក្នុងនាមថ្នាក់ដឹកនាំក្រសួង ឯកឧត្តមបណ្ឌិត នួន ពេជ្រនិមិត្ត បានផ្ដាំផ្ញើដល់នាយកដ្ឋានបណ្ដុះបណ្ដាល និងស្រាវជ្រាវ ឱ្យបន្ដ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសជាមួយអង្គការដៃគូជាតិ និងអន្តរជាតិទាំងអស់ដើម្បីមានការចូលរួម និងគាំទ្រទាំងផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុ សម្រាប់ការសិក្សាស្រាវជ្រាវនេះទទួលបានលទ្ធផលច្បាស់លាស់ និងមានប្រកបដោយភាពជឿជាក់ ៕