ជំនួបរវាងឯកឧត្តមបណ្ឌិត ថោង ខុន និងប្រធាន FEI ជំរុញដល់ការពិនិត្យលទ្ធភាព កីឡាជិះសេះក្នុងព្រឹត្តិការណ៍កីឡាយុវជនអាស៊ី ឆ្នាំ២០២៩ នៅកម្ពុជា
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ត្រី ទទួលបន្ទុកជំរុញអភិវឌ្ឍចលនាកីឡា និងជាប្រធាន គណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា (NOCC) បានអនុញ្ញាតឱ្យ លោក Ingmar DE VOS ប្រធានសហព័ន្ធកីឡា បង្ហាត់ជិះសេះអន្តរជាតិ (FEI) និងជាសមាជិក គណៈកម្មាធិការ អូឡាំពិកអន្តរជាតិ (IOC) និងជាសមាជិកទីភ្នាក់ងារ ប្រឆាំងសារធាតុ ដូប៉ាពិភពលោក (WADA) ពិភាក្សា ក្នុងការបន្តគាំទ្រ ដល់ការអភិវឌ្ឍកីឡា ជិះសេះនៅកម្ពុជា ហើយក្នុងនោះ ប្រភេទកីឡាជិះសេះ ក៏ត្រូវបានជំរុញឱ្យ មានការពិនិត្យលទ្ធភាព ក្នុងការជំរុញ ដល់ការបញ្ចូលប្រភេទកីឡាជិះសេះ ទៅក្នុងការប្រកួតកីឡា យុវជនអាស៊ី លើកទី៥ ឆ្នាំ២០២៩ ដែលព្រះរាជាណាចក្រកម្ពុជាទទួលបានសិទ្ធិធ្វើជាម្ចាស់ផ្ទះ។
ជំនួបរវាងឯកឧត្តមបណ្ឌិត ថោង ខុន ជាមួយ លោក Ingmar DE VOS ប្រធាន សហព័ន្ធកីឡា បង្ហាត់ជិះសេះ អន្តរជាតិ ត្រូវបានធ្វើឡើង នៅទីស្នាក់ការ គណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា។ បន្ទាប់ពី សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ សព្វព្រះរាជហឫទ័យប្រោសព្រះរាជានុញ្ញាតឱ្យប្រតិភូសហព័ន្ធកីឡាបង្ហាត់ជិះសេះអន្តរជាតិចូលក្រាបថ្វាយបង្គំគាល់ នាថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ នៅព្រះបរមរាជវាំង។
នៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារនេះ ឯកឧត្តមបណ្ឌិត ថោង ខុន ផ្តោតសំខាន់លើការពិភាក្សា ក្នុងការបន្តគាំទ្រ ដល់ការអភិវឌ្ឍកីឡា ជិះសេះនៅកម្ពុជា តាមរយៈការពិនិត្យលទ្ធភាព ក្នុងការជំរុញ ដល់ការបញ្ចូលប្រភេទកីឡា ជិះសេះ ទៅក្នុងការប្រកួតកីឡាកម្រិតតំបន់ នាពេលអនាគត ជាពិសេសពិនិត្យលទ្ធភាព ក្នុងបញ្ចូលប្រភេទកីឡាជិះសេះក្នុងការប្រកួតកីឡាយុវជនអាស៊ី លើកទី៥ ឆ្នាំ២០២៩ នៅកម្ពុជា ដែលទាមទារឱ្យមានការវាយតម្លៃយ៉ាងហ្មត់ចត់ពីក្រុមប្រឹក្សាអូឡាំពិកអាស៊ី (OCA) ស្របតាមស្តង់ដារកំណត់បច្ចេកទេស ដូចការរៀបចំការប្រកួតកីឡាអូឡាំពិកដែរ។
ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត ថោង ខុន ក៏ដូចជាស្នើសុំការគាំទ្រពីសហព័ន្ធកីឡាបង្ហាត់ជិះសេះអន្តរជាតិ លើការរៀបចំអភិវឌ្ឍធនធានអត្តពលិក, ធនធានបច្ចេកទេស-ជំនាញថែទាំសេះ និងការសាងសង់ទីលានប្រកបតាមស្តង់ដារអន្តរជាតិ ដើម្បីស្នើសុំរាជរដ្ឋាភិបាល ក្នុងការពិនិត្យលទ្ធភាពបញ្ចូលប្រភេទកីឡាជិះសេះក្នុងការប្រកួតកីឡាយុវជនកម្រិតអាស៊ី នាឆ្នាំ២០២៩។
ឯកឧត្តមបណ្ឌិត ថោង ខុន ក៏បានថ្លែងអំណរគុណដល់សហព័ន្ធកីឡាបង្ហាត់ជិះសេះអន្តរជាតិ ដែលបានឧបត្ថម្ភគាំទ្រគម្រោង “កម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈសម្រាប់ក្មេងស្រីក្រីក្រ” របស់សហព័ន្ធលើការបង្កើតកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈជំនាញអ្នកថែទាំសេះនៅកម្ពុជា ដែលគម្រោងនេះពិតជាមានសារៈសំខាន់សម្រាប់សហព័ន្ធក្នុងការបណ្តុះបណ្តាលអ្នកថែទាំសេះប្រកបដោយវិជ្ជាជីវៈខ្ពស់ ក្នុងទិសដៅបន្តជំរុញអភិវឌ្ឍកីឡាជិះសេះនៅកម្ពុជាឱ្យកាន់តែមានប្រជាប្រិយភាព និងក្លាយជាប្រភេទកីឡាដ៏មានសក្កានុពលផងដែរ។
គួរបញ្ជាក់ថា ជំនួបសម្តែងការគួរសមនេះមានសមាសភាពប្រតិភូកីឡាជិះសេះអន្តរជាតិអមដំណើរដោយលោក Jack HUANG អនុប្រធាន FEI និងលោកស្រី June YU ប្រធានគ្រប់គ្រងផ្នែកសារព័ត៌មាន និងទំនាក់ទំនងសាធារណៈ។ រីឯសមាសភាពសហព័ន្ធកម្ពុជាបង្ហាត់ជិះសេះ មានលោកស្រី ទេព ម៉ូណា ប្រធានសហព័ន្ធសហព័ន្ធកម្ពុជាបង្ហាត់ជិះសេះ និងព្រះអង្គម្ចាស់ នរោត្តម ណានដា ទេវី អគ្គលេខាធិការ និងសមាជិកមួយចំនួនទៀត៕