មន្ទីរធនធានទឹក ខេត្តបន្ទាយមានជ័យ បន្តអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវប្រាំងជូនប្រជាកសិករ ក្នុងឃុំសំបួរ ស្រុកមង្គលបូរី
ភ្នំពេញ៖ នៅថ្ងៃព្រហស្បតិ៍ ៧រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤ មន្ទីរធនធានទឹក និងឧតុនិយមខេត្តបន្ទាយមានជ័យ សហការជាមួយអាជ្ញាធរមូលដ្ឋាន និងសហគមន៍កសិករប្រើប្រាស់ទឹក បានបន្តចុះអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវប្រាំង ជូនប្រជាកសិករ នៅឃុំសំបួរ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
សូមជម្រាបថា ក្រុមការងារមន្ទីរ បានបន្តចុះអន្តរាគមន៍បូមទឹកសង្រ្គោះស្រូវប្រាំងដែលកំពុងប្រឈមខ្វះទឹកស្រោចស្រពនៅក្នុងភូមិចំនួន៧ នៃឃុំសំបួរ ចំនួន ១២៥០ហិតា ប្រើប្រាស់ម៉ាស៊ីនបូមទឹក ៦៥សេះ ចំនួន ៩គ្រឿងដោយបូមចេញពីដៃស្ទឹងមង្គលបូរី។
ក្រុមការងារនៃមន្ទីរធនធានទឹក និងឧតុនិយមខេត្តបន្ទាយមានជ័យបានឱ្យដឹងថា គិតមកដល់ថ្ងៃនេះ ការងារអន្តរាគមន៍បូមទឹកសង្រ្គោះនៅតាមបណ្តាភូមិ ក្នុងឃុំសំបួរ សម្រេចបានចំនួន ៩០០ហិតា ស្មើនឹង៧២%។ ក្រុមការងារមន្ទីរបញ្ជាក់ថា កិច្ចអន្តរាគមន៍បូមទឹកនៅតែបន្តធ្វើដើម្បីសង្រ្គោះស្រូវប្រាំងដែលសល់ ដោយសហការជាមួយអាជ្ញាធរមូលដ្ឋាន សហគមន៍កសិករ និងប្រជាពលរដ្ឋ ៕