ក្រសួងបរិស្ថានសហការជាមួយក្រុមហ៊ុន TOTAL Energy ពង្រីកភាពបៃតងតាមរយៈការដាំដើមឈើ ជំរុញអព្យាក្រឹតកាបូនបង្កើនចំណូលជូនប្រជាសហគមន៍
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងជំរុញ និងលើកទឹកចិត្តឲ្យក្រុមហ៊ុន Total Energy ចូលរួមការវិនិយោគបៃតង តាមរយៈការដាំដើមឈើ ពង្រីកភាពបៃតង ដើម្បីលើកស្ទួយជីវភាពប្រជាសហគមន៍មូលដ្ឋាននៅក្នុងតំបន់ការពារធម្មជាតិភ្នំគូលែន ដែលជាគោលដៅលំហែបៃតង អនុលោមតាមផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍សហគមន៍មូលដ្ឋាន២០២៤-២០២៨ របស់ក្រសួងបរិស្ថាន។
ការថ្លែងនេះធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារជាមួយលោកស្រី Dinah Kumar នាយកប្រចាំប្រទេស និងជាអ្នកគ្រប់គ្រងក្រុមហ៊ុនប្រេងឥន្ធនៈ Total Energy នារសៀលថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងបរិស្ថាន។
ឯកឧត្ដមរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ការចូលរួមរបស់ក្រុមហ៊ុន Total Energy គឺជាការទទួលខុសត្រូវចំពោះកិច្ចគាំពារបរិស្ថាន ដើម្បីកាត់បន្ថយផលប៉ះពាល់បរិស្ថានពីការបំភាយឧស្ម័នប្រេងឥន្ធនៈ តាមរយៈការដាំដើមឈើ។
ជាមួយគ្នានេះ ក្រុមហ៊ុនគប្បីគិតពីប្រយោជន៍របស់ប្រជាពលរដ្ឋកម្ពុជា ធ្វើយ៉ាងណាត្រូវជួយលើកកម្ពស់ការអប់រំ និងផ្សព្វផ្សាយអំពីភាពស្អាត ភាពបៃតង និងចីរភាព របស់កម្ពុជាដល់ក្រុមហ៊ុនវិនិយោគបៃតងដទៃទៀត។
ស្របតាមការលើកឡើងរបស់ឯកឧត្ដមរដ្ឋមន្ត្រី លោកស្រី Dinah Kumar រីករាយនឹងរួមចំណែកក្នុងកិច្ចសហការនេះ តាមរយៈការរៀបចំផែនការបន្ស៊ីទៅនឹងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍សហគមន៍មូលដ្ឋានក៏ដូចជាយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថានឆ្នាំ២០២៣-២០២៨ របស់កម្ពុជា៕