រដ្ឋមន្ដ្រីអភិវឌ្ឍន៍ជនបទ ណែនាំឲ្យក្រុមការងារអ្នកនាំពាក្យ និងព័ត៌មានក្រសួង មិនត្រូវទុកឱកាសឲ្យជនអគតិមួយចំនួនប្រឌិតរឿងបំភ្លៃ បំប៉ោងសភាពការណ៍
ភ្នំពេញ៖ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ នាថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤ បានអញ្ជើញជួបសំណេះសំណាល និងត្រួតពិនិត្យវឌ្ឍនភាពការងារក្រុមការងារអ្នកនាំពាក្យ និងក្រុមការងារព័ត៌មាន របស់ក្រសួងអភិវឌ្ឍន៍ជនបទ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ឯកឧត្តមរដ្ឋលេខាធិការ ឯកឧត្តមអនុរដ្ឋលេខាធិការ អគ្គនាយក លោក លោកស្រីជាក្រុមការងារអ្នកនាំពាក្យ និងព័ត៌មាន របស់ក្រសួងសរុបចំនួន ១៧នាក់។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ដ្រី បានមានប្រសាសន៍ណែនាំ និងផ្តល់ជាអនុសាសន៍ដល់ក្រុមការងារអ្នកនាំពាក្យ និងព័ត៌មានរបស់ក្រសួង ត្រូវបង្កើនការផ្សព្វផ្សាយអំពីសកម្មភាព និងសមិទ្ធផលរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងអភិវឌ្ឍន៍ជនបទឱ្យបានទូលំទូលាយ តាមរយៈប្រព័ន្ធផ្សព្វផ្សាយនានា និងប្រព័ន្ធឌីជីថល ក្នុងគោលបំណងផ្ដល់ព័ត៌មានពិតប្រាកដ និងច្បាស់ការជូនប្រជាពលរដ្ឋ សាធារណមតិជាតិ និងអន្តរជាតិ ដោយមិនទុកឱកាសឲ្យជនអគតិមួយចំនួនប្រឌិតរឿងបំភ្លៃ បំប៉ោងសភាពការណ៍បាននោះឡើយ ៕