វិទ្យាស្ថាន NTTI បញ្ជូនសិក្ខាកាមជំនាន់ទី១ នៃវគ្គបណ្តុះបណ្តាល១.៥លាន ចុះអនុវត្តការងារផ្ទាល់នៅការដ្ឋាន!
ភ្នំពេញ៖ វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស ដែលហៅកាត់ថា NTTI នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៤ បានបញ្ជូនសិក្ខាកាមC1 ចំនួន២៤នាក់ (ស្រី០នាក់) សិក្សាជំនាញផ្នែកអគ្គិសនី ចុះអនុវត្តផ្ទាល់នៅការដ្ឋានដើម្បីផ្សាភ្ជាប់ទ្រឹស្តីដែលសិស្សសិក្ខាកាមទើបបានសិក្សានិងអនុវត្តក្នុងរោងជាងរួច ទៅនឹងការអនុវត្តជាក់ស្តែង នៅការដ្ឋាន។
លោកឯក ផាន់ណារ៉ាន់ នាយករងវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស បានបញ្ជាក់ថា ការបញ្ជូនសិក្ខាកាមចុះអនុវត្តការងារផ្ទាល់ចំនួន៣ថ្ងៃនេះ មិនទាន់គ្រប់គ្រាន់ឱ្យសិស្សចេះសព្វគ្រប់លើជំនាញអគ្គិសនីនេះទេ ប៉ុន្តែពួកគាត់បានយល់ច្បាស់ទៅលើផ្នែកមួយចំនួន។
លោកឯក ផាន់ណារ៉ាន់ បានបន្តថា សិក្ខាកាមមិនមែនកំណត់ត្រឹមតែ៣ថ្ងៃនេះទេ គឺនៅមានវគ្គចុះអនុវត្តផ្ទាល់ជាបន្តបន្ទាប់ទៀតផងដែរ។
លោកជឹម គុណ មេការអគ្គិសនី ជាអ្នកដឹកនាំសិក្ខាកាមទាំង២៤នាក់ បានបញ្ជាក់ថា ក្នុងការចុះអនុវត្តការងារផ្ទាល់ រយៈពេល៣ថ្ងៃនេះ លោកសង្កេតឃើញថា សិក្ខាកាមបានខិតខំបំពេញការងារយ៉ាងយកចិត្តទុកដាក់ និងមានការយល់ដឹងច្រើនពាក់ព័ន្ធនឹងការមើលប្លង់ជាដើម។
គួរបញ្ជាក់ថា សិក្ខាកាមទាំង២៤នាក់ ដែលសិក្សាជំនាញអគ្គិសនីនេះ តាមរយៈកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស១,៥ លាននាក់របស់រាជរដ្ឋាភិបាល ដែលត្រូវបានដាក់ឱ្យអនុវត្តកាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣។
តាមការសង្កេត គ្រប់សិក្ខាកាមដែលបានចុះឈ្មោះសិក្សាតាមរយៈកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនិងបច្ចេកទេសនេះ សុទ្ធតែបានបង្ហាញក្តីភាពរីករាយ និងពេញចិត្តយ៉ាងខ្លាំង ដែលខ្លួនបានរៀនលើជំនាញមួយច្បាស់លាស់ ងាយស្រួលស្វែងរកការងារធ្វើក្រោយរៀនចប់៕