ឧត្តមសេនីយ៍ឯក សុខ វាសនា ណែនាំឲ្យមន្ត្រីនគរបាលអន្តោប្រវេសន៍ ផ្សព្វផ្សាយទប់ស្កាត់ការជួញដូរមនុស្ស និងការជួញដូរគ្រឿងញៀនខុសច្បាប់
ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ បានណែនាំឲ្យមន្ត្រីនគរបាលអន្តោប្រវេសន៍ចូលរួម ផ្សព្វផ្សាយទប់ស្កាត់ការជួញដូរមនុស្ស និងការជួញដូរគ្រឿងញៀនខុសច្បាប់។
ការណែនាំបែបនេះបានធ្វើឡើងក្នុងឳកាសអញ្ជើញអធិបតីក្នុងពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង នាយបុស្តិ៍នគរបាលច្រកទ្វារកំពង់ផែអន្តរជាតិខេត្តព្រះសីហនុ។
ឯកឧត្តមឧត្តមសេនីយ៍ឯក សុខ វាសនា បានមានប្រសាសន៍ចូលរួមអបអរសាទរដល់នាយប៉ុស្តិ៍គរបាលច្រកទ្វារកំពង់ផែអន្តរជាតិខេត្តព្រះសីហនុ ដែលទើបតែបានតែងតាំងថ្មីនាពេលនេះ និងសូមថ្លែងអំណរគុណដល់ឯកឧត្តមអភិបាលរងដែលបានអញ្ជើញចូលរួមក្នុងពិធីនេះផងដែរ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក បាននាំនូវប្រសាសន៍ផ្ដាំផ្ញើរសួរសុខទុក្ខនិងណែនាំរបស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គឺត្រូវបំពេញភារកិច្ចឲ្យមានការរួបរួមសាមគី្គភាពផ្ទៃក្នុង និងគោរពតាមតួនាទីភារកិច្ចរបស់នគរបាលអន្តោប្រវេសន៍។
ក្នុងនោះដែរឯកឧត្តម អគ្គនាយក បានណែនាំដល់មន្ត្រីនគរបាលអន្តោប្រវេសន៍ទាំងអស់ដែលបានប្រចាំការនៅតាមប៉ុស្តិ៍នគរបាលច្រកទ្វារកំពង់ផែអន្តរជាតិសូមយកចិត្តទុកដាក់ក្នុងការបម្រើសេវាជូនភ្ញៀវទេសចរអន្តរជាតិដែលបានធ្វើដំណើរតាមច្រកទ្វារកំពង់ផែ ដោយវិជ្ជាជីវៈ និងមានការកត់ត្រាឲ្យបានច្បាស់លាស់នូវដំណើរចេញ-ចូលរបស់ភ្ញៀវទេសចរ ទោះបីចូលមកក្នុងរយៈពេលខ្លីក៏ដោយ។
ជាមួយគ្នានេះដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក ក៏បានឲ្យនគរបាលអន្តោប្រវេសន៍ក្នុងខេត្តព្រះសីហនុ គ្រប់គ្រងឲ្យបាននូវចំនួនជនបរទេសដែលបានស្នាក់នៅក្នុងខេត្ត និងជនបរទេសអន្តោប្រវេសន្ត ជាពិសេសការលួចឆ្លងដែន ឧក្រិដ្ឋកម្ម ការជួញដូរ ខុសច្បាប់តាមផ្លូវទឹក។
ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គនាយក បានណែនាំឲ្យមន្ត្រីនគរបាលអន្តោប្រវេសន៍ចូលរួម ផ្សព្វផ្សាយទប់ស្កាត់ការជួញដូរមនុស្សខុសច្បាប់ និងការជួញដូរគ្រឿងញៀនខុសច្បាប់ផងដែរ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គនាយក បានផ្ដាំផ្ញើដល់កងកម្លាំងនគរបាលអន្តោប្រវេសន៍ទាំងអស់ឲ្យមានសាមគ្គីភាពផ្ទៃ គោរពតាមរចនាសម្ព័ន្ធ តួនាទី ភារកិច្ច គោរពវិន័យរបស់កងកម្លាំងទាំងអស់គ្នា។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា និងប្រតិភូនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានអញ្ជើញចុះត្រួតពិនិត្យ និងសំណេះសំណាលជាមួយមន្ត្រីនគរបាលអន្តោប្រវេសន៍នៅតាមបណ្ដាប៉ុស្តិ៍នគរបាលច្រកទ្វារកំពង់ផែអន្តរជាតិរួមមាន ប៉ុស្តិ៍នគរបាលច្រកទ្វារកំពង់ផែអន្តរជាតិឧញ៉ា ម៉ុង ,ប៉ុស្តិ៍នគរបាលច្រកទ្វារកំពង់ផែអន្តរជាតិស្ទឹងហាវ , ប៉ុស្តិ៍នគរបាលច្រកទ្វារកំពង់ផែអន្តរជាតិខេត្តព្រះសីហនុ និងទីស្នាក់ការត្រៀមបណ្ដេញចេញប្រចាំនៅខេត្តព្រះសីហនុ៕