ប្រជាកសិករឃុំស្យា និងឃុំស្រែស្តុក ស្រុកកណ្តៀង សប្បាយចិត្ត ក្រោយអាជ្ញាធរជួយអន្តរាគមន៍បើកបញ្ជូនទឹក ដើម្បីសង្គ្រោះស្រូវប្រាំង ដែលកំពុងប្រឈមខ្វះខាតទឹក
ភ្នំពេញ៖ ប្រជាកសិករ រស់នៅក្នុងឃុំស្យា និងឃុំស្រែស្តុក ស្រុកកណ្តៀង នៃខេត្តពោធិ៍សាត់ ដែលបច្ចុប្បន្នបាននឹងកំពុងប្រើប្រាស់ និងរំពឹងលើប្រភពទឹក ពីទំនប់ធារាសាស្ត្រចារឹក បានរីករាយសប្បាយចិត្តយ៉ាងក្រៃលែង ក្រោយអាជ្ញាធរខេត្ត ដែលមានមន្ទីរធនធានទឹក និងឧតុនិយម ជាសេនាធិការ បានជួយអន្តរាគមន៍បើកបញ្ជូនទឹក ដើម្បីជួយសង្គ្រោះស្រូវប្រាំង ដែលកំពុងប្រឈមខ្វះខាតទឹក។
ការជួយអន្តរាគមន៍បើកបញ្ជូនទឹក ដើម្បីជួយសង្គ្រោះស្រូវប្រាំងនេះដែរ គឺជាការឆ្លើយតបតាមសំណូមពរទាន់ពេលវេលា ពីសំណាក់ឯកឧត្ដម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ ជាពិសេសស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។
តំណាងប្រជាពលរដ្ឋ ដែលជាអ្នកប្រើប្រាស់ទឹក ពីទំនប់ធារាសាស្រ្តចារិក បានគោរពថ្លែងអំណរគុណ ដល់ថ្នាក់ដឹកនាំ ប្រមុខរាជរដ្ឋាភិបាល ដែលមានសម្ដេចមហាបវរធិបតី ហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏ដូចជាឯកឧត្ដមរដ្ឋមន្ត្រីក្រសួងធនធានទឹក និងឯកឧត្ដមអភិបាលខេត្តពោធិ៍សាត់ ដែលតែងតែគិតគូរសុខទុក្ខរបស់ប្រជាពលរដ្ឋទូទាំងប្រទេស និយាយជារួម និងនិយាយដោយឡែកប្រជាពលរដ្ឋក្នុងឃុំស្យា និងឃុំស្រែស្តុក ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ដែលកំពុងប្រឈមខ្វះខាតទឹក មកបញ្ចប់ស្រូវប្រាំងរបស់ពួកគាត់។
គួរជម្រាបជូនថា កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៤ ថ្មីៗនេះ អភិបាលខេត្តពោធិ៍សាត់ ធ្លាប់បានអំពាវនាវដល់ប្រជាកសិករ នៅតំបន់នេះ ឱ្យមានការចូលរួម យោគយល់ អធ្យាស្រ័យគ្នា បញ្ឈប់ការធ្វើស្រែប្រាំងបន្ថែមទៀត និងសន្សំសម្ចៃទឹកទុក ព្រោះថាមិនយូរទេ១០ថ្ងៃខាងមុខ អាជ្ញាធរខេត្តនឹងបិទបញ្ចប់ការផ្ដល់ទឹកអន្តរាគមន៍ជួយសង្គ្រោះស្រូវប្រាំងប្រជាកសិករបន្តទៀតហើយ, ពោលគឺដើម្បីរក្សាទឹកទុកសម្រាប់ប្រើប្រាស់លើជីវភាពរស់នៅប្រចាំថ្ងៃ «ជីវិតមនុស្ស និងសត្វ»។
ហើយប្រសិនបើបងប្អូននៅតែបន្តធ្វើ មិនគិតពីការប្រើប្រាស់លើជីវិតរស់នៅប្រចាំថ្ងៃទេនោះ អាជ្ញាធរនឹងមានវិធានការ។
ក្នុងនាមរដ្ឋបាលខេត្ត លោកនឹងដឹកនាំចាត់ចែងអន្តរាគមន៍ បើកទឹក ទៅតាមតំបន់គោលដៅប្រឈមខ្លាំង ជូនបងប្អូនប្រជាកសិករ ឱ្យមានតម្លាភាព ទៅតាមលទ្ធភាពជាក់ស្តែង។
បើតាមរបាយការណ៍របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ បានឱ្យដឹងថា ការងារបង្កបង្កើនផលដំណាំរដូវប្រាំង ឆ្នាំ២០២៣-២០២៤ សម្រេចអនុវត្តបាន ចំនួន ៥៤,៩១០ហិកតា ស្មើនឹង ២៧៤,៥៥% នៃផែនការ ២ម៉ឺនហិកតា។ សម្រាប់ដំណាំស្រូវច្រូតកាត់បានចំនួន ១២,៣៣២ហិកតា ស្មើនឹង ២៣,៤៥% នៃផ្ទៃដីត្រូវប្រមូលផលចំនួន ៥២,៥៩៦ហិកតា។
ដោយផ្អែកតាមផែនការសក្តានុពលទឹក សម្រាប់ស្រោចស្រពដំណាំស្រូវរដូវប្រាំង ឆ្នាំ២០២៣-២០២៤ របស់មន្ទីរធនធានទឹក និងឧតុនិយមខេត្ត មានត្រឹមតែ២ម៉ឺនហិកតាប៉ុណ្ណោះ ប៉ុន្តែប្រជាកសិករអនុវត្តបានកើនរហូតដល់ ៥៤,៩១០ហិកតា ដែលបង្កឱ្យមានកង្វះទឹកស្រោចស្រព និងបណ្តាលឱ្យដំណាំស្រូវប្រឈមនឹងកង្វះទឹក មានចំនួន ៦ស្រុក/ក្រុង ៣២ឃុំ/សង្កាត់ សរុបចំនួន ១៥,៦៣៨ហិកតា និងរងផលប៉ះពាល់ ចំនួន ១៤,៨០០ហិកតា ព្រមទាំងខូចខាត ចំនួន២,៤១៨ហិកតា និងផ្ទៃដីបានសង្គ្រោះចំនួន ៤,៧១៤ហិកតា៕