ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត ដឹកនាំគណៈប្រតិភូក្រសួងប្រៃសណីយ៍ ចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីឌីជីថលអាស៊ាន លើកទី៤
ភ្នំពេញ៖ ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានដឹកនាំគណៈប្រតិភូក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីឌីជីថលអាស៊ាន លើកទី៤ (The 4th ASEAN Digital Ministers’ Meeting – ADGMIN) ចាប់ពីថ្ងៃទី ១-២ ខែកុម្ភៈ ឆ្នាំ២០២៤ នៅប្រទេសសិង្ហបុរី ដោយមានការចូលរួមពីរដ្ឋមន្រ្តីឌីជីថលរបស់ប្រទេសជាសមាជិកអាស៊ាន ប្រទេសទីម័រខាងកើត និងដៃគូអាស៊ាន ដែលរួមមាន សាធារណរដ្ឋកូរ៉េ ចិន ជប៉ុន ឥណ្ឌា សហរដ្ឋអាម៉េរិក និងសហភាពទូរគមនាគមន៍អន្តរជាតិ (ITU)។
យោងតាមហ្វេសប៊ុករបស់ក្រសួងប្រៃសណីយ៍បានបញ្ជាក់ថា ក្នុងអំឡុងពេលនៃកិច្ចប្រជុំនេះ ឯកឧត្តមរដ្ឋមន្ត្រី បានជួបប្រជុំទ្វេភាគី ជាមួយប្រទេសថៃ ប្រទេសជប៉ុន ប្រទេសសិង្ហបុរី សហភាពទូរគមនាគមន៍អន្តរជាតិ និងប្រទេសទីម័រខាងកេីត។
បន្ថែមលេីនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានចូលរួមក្នុងកម្មវិធីពានរង្វាន់ឌីជីថលអាស៊ាន ឆ្នាំ២០២៤ (ASEAN Digital Awards 2024) ដែលរៀបចំដោយប្រទេសសិង្ហបុរី ហេីយជាមោទកភាពរបស់កម្ពុជានោះ គឺ ថ្នាលផ្ទៀងផ្ទាត់ឯកសាររបស់រាជរដ្ឋាភិបាល verify.gov.kh ដែលអភិវឌ្ឍដោយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានឈ្នះមេដាយមាស (Gold Medal) ក្នុងការប្រកួតប្រជែងពានរង្វាន់ដ៏មានអត្ថន័យក្នុងកម្រិតតំបន់នេះ។
កិច្ចប្រជុំរដ្ឋមន្ត្រីឌីជីថលអាស៊ាន (ADGMIN) គឺជាកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីវិស័យឌីជីថល ឬ ICT នៃតំបន់អាស៊ាន ដែលមានគោលដៅសំខាន់ធ្វើឲ្យអាស៊ានក្លាយជាសហគមន៍ឌីជីថលឈានមុខគេ និងជាប្លុកសេដ្ឋកិច្ច ដំណើរការដោយសេវាកម្មឌីជីថល បច្ចេកវិទ្យា និងប្រព័ន្ធអេកូឡូស៊ី ដែលមានសុវត្ថិភាព និងបរិវត្តកម្ម ស្របតាមផែនការមេឌីជីថលអាស៊ាន៕