អភិបាលខេត្តស្ទឹងត្រែង៖ តាមប៉ុស្តិ៍សុខភាព និងមណ្ឌលសុខភាព ត្រូវមានគ្រូពេទ្យមកប្រចាំការ ២៤ម៉ោង ដើម្បីចៀសវាងកុំឱ្យមានកន្លែងហើយ តែគ្មានអ្នកប្រចាំការ
ភ្នំពេញ៖ ឯកឧត្ដម ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង បានថ្លែងណែនាំឱ្យតាមបណ្តាប៉ុស្តិ៍សុខភាព និងមណ្ឌលសុខភាពទាំងអស់ ត្រូវចាត់តាំងក្រុមគ្រូពេទ្យមកប្រចាំការឱ្យបានជាប់ ២៤ម៉ោងលើ២៤ម៉ោង ដើម្បីចៀសវាងកុំឱ្យថាមានកន្លែងហើយ តែគ្មានអ្នកប្រចាំការ ។
ឯកឧត្ដមអភិបាលខេត្ត ណែនាំបែបនេះក្នុងឱកាស អញ្ជើញសម្ភោធដាក់ឲ្យដំណើរការ អគារមណ្ឌលសុខភាពសៀមបូក នាព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ។
មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង បានសម្តែងនូវការអបអរសាទរ និងកោតសរសើរ ដោយស្មោះចំពោះ មន្ទីរសុខាភិបាលខេត្ត និងអាជ្ញាធរភូមិ ឃុំ ស្រុកសៀមបូក ដែលបានគាំទ្រសហការគ្នា ខិតខំរៀបចំពិធីសម្ភោធដាក់ឲ្យដំណើរការអគារមណ្ឌលសុខភាពសៀមបូក នាថ្ងៃនេះ និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះអង្គការសម្ព័ន្ធគ្រីស្មាន និងសាសនទូតប្រចាំកម្ពុជា (C & MA Cambodia) ដែលបានជួយសាងសង់អគារមណ្ឌលសុខភាពសៀមបូកនេះ។
ឯកឧត្ដមបន្តថា អគារមណ្ឌលសុខភាព សៀមបូក គឺជាអំណោយដ៏ធំធេងរបស់អង្គការសម្ព័ន្ធគ្រឹស្ឋាន និងសាសនទូតប្រចាំកម្ពុជា (C & MA Cambodia) ផ្តល់ជូនប្រជាជនខេត្តស្ទឹងត្រែង ជាពិសេសប្រជាជននៅឃុំសៀមបូក ស្រុកសៀមបូក ដែលជាតំបន់ដាច់ ស្រយាលមួយនៃខេត្តស្ទឹងត្រែង។ នេះជាសកម្មភាពមនុស្សធម៌មួយរបស់អង្គការសម្ព័ន្ធគ្រីស្ទាន និងសាសនទូតប្រចាំកម្ពុជា (C & MA Cambodia) ដែលមិនអាចកាត់ថ្លៃបាន នៅក្នុងដំណើរការរួមចំណែក លើកស្ទួយសុខុមាលភាព និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនក្នុងខេត្តក៏ដូចជាចូលរួមក្នុងការ អភិវឌ្ឍន៍សង្គមជាតិកម្ពុជាទាំងមូល។
បើតាមរបាយការណ៍ របស់លោកប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត បានបង្ហាញឲ្យឃើញថា សមិទ្ធផលការងារដែលមន្ទីរសុខាភិបាលសំរេចបាន កន្លងមកនេះ ជាទូទៅមានភាពល្អប្រសើរ ជាអាទិ៍ ការងារពាក់ព័ន្ធទៅនឹង សុខភាពបន្តពូជ មាតា ទារក និងកុមារ, ការងារប្រយុទ្ធនឹងជម្ងឺឆ្លងសំខាន់ៗ ការងារប្រយុទ្ធនឹងជម្ងឺមិនឆ្លង, និងការងារពង្រឹងប្រព័ន្ធសុខាភិបាល។
ក្នុងចំណុចវិជ្ជមាននេះ ឯកឧត្ដមស្វាយ សំអ៊ាង បានសម្តែង នូវការកោតសរសើរ ដល់ថ្នាក់ដឹកនាំមន្ត្រីរាជការ បុគ្គលិកទាំងអស់ នៃមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត ដែលបានខិតខំបំពេញភារកិច្ច ដ៏ឧត្តុងឧត្តម និងប្រកបដោយការទទួលខុសត្រូវខ្ពស់ លើការជួយដល់អាយុ ជីវិតប្រជាជន ពិសេសអ្នកក្រីក្រ និងអ្នករស់នៅជនបទដែលតែងតែផ្ញើវាសនាលើក្រុមគ្រូពេទ្យ ក្នុងការ ព្យាបាលថែទាំជម្ងឺ។
ឯកឧត្ដមអភិបាលខេត្តបានបន្តថា ទន្ទឹមនឹងជោគជ័យដែលមន្ទីរសុខាភិបាលទទួលបាន ក៏នៅមានការងារប្រឈមជាច្រើនទៀត ដែល មន្ទីរត្រូវខិតខំយកចិត្តទុកដាក់ ដើម្បីធ្វើឲ្យវិស័យសុខាភិបាលកាន់តែមានភាពរីកចំរើន និងទទួលបាននូវ ជំនឿទុកចិត្តពីប្រជាជនកាន់តែខ្លាំងឡើងៗ។ បញ្ហាសុខភាពរបស់ប្រជាជនយើង មួយចំនួន ពុំទាន់បានល្អនៅឡើយ ពិសេសប្រជាជនក្រីក្ររស់នៅតាមជនបទដាច់ស្រយាល ដែលជួបការលំបាកក្នុងការស្វែងរក សេវាសុខាភិបាល ក្នុងកាលៈទេសៈដែលមូលដ្ឋានផ្តល់សេវាសុខភាព ពុំទាន់បានគ្របដណ្តប់សមស្រប ទៅនឹងកំណើននៃប្រជាជន និងកំណើននៃតំរូវការសេវាសុខាភិបាលសាធារណៈ។ បញ្ហាសុខភាព មានទំនាក់ទំនងយ៉ាងជិតស្និទជាមួយនឹងភាពក្រីក្រ ហើយជះឥទ្ធិពលអោយគ្នាទៅវិញទៅមក។ ការលើកស្ទួយ សុខភាពប្រជាជនបានល្អប្រសើរ មានន័យថា ចូលរួមកាត់បន្ថយភាពក្រីក្រ គឺជាគោលដៅចំបងរបស់ រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ ដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខដឹកនាំ។
ជាថ្មីម្តងទៀត ឯកឧត្ដម ស្វាយ សំអ៊ាង បានវាយតំលៃខ្ពស់ និងសូមថ្លែងអំណរ គុណដល់បណ្តាភាគីពាក់ព័ន្ធ អង្គការដៃគូអភិវឌ្ឍន៍ទាំងនៅក្នុង និងក្រៅខេត្ត ជាពិសេស អង្គការសម្ព័ន្ធ គ្រឹស្ឋាន និងសាសនទូត ប្រចាំកម្ពុជា (C & MA Cambodia) ដែលបានចូលរួមឧបត្ថម្ភគាំទ្រ និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរ ជាមួយមន្ទីរសុខាភិបាល ហើយខ្ញុំក៏មានក្តីសង្ឃឹម និងមានជំនឿ យ៉ាងមុតមាំថា មន្ទីរសុខាភិបាលនៅតែទទួលបានការគាំទ្រ និងកិច្ចសហការល្អជានិច្ច ជាមួយនឹងដៃគូ អភិវឌ្ឍន៍បន្តទៀតកាន់តែខ្លាំងក្លា៕
ថ្លែងនាឱកាសនោះដែរឯកឧត្តម ស្វាយ សំអ៊ាង បានលើកឡើងថា រាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ក៏បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលចាប់ផ្ដើមដំណើរការកសាងផែនការអភិវឌ្ឍន៍ប្រទេសជាតិរបស់យើងតទៅមុខទៀត ក្នុងនោះក៏ផ្តោតសំខាន់ទៅលើការផ្តល់សេវាសាធារណៈ ជាពិសេសសេវាសុខាភិបាលដែលកំពុងជំរុញ។
ឯកឧត្តមអភិបាលខេត្ត បន្ថែមថា នៅក្នុងប្រទេសមួយ ការរីកចម្រើនទៅបានមិនសំដៅទៅលើតែរាជរដ្ឋាភិបាល ឬទៅលើផ្នែករដ្ឋនោះទេ ត្រូវតែមានការចូលរួមចំណែកពីវិស័យឯកជន និងសប្បុរសជន ទើបមានការរីកចម្រើនទៅបាន។ ដូច្នេះហើយការចូលរួមពីអង្គការដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធផ្នែកឯកជននេះហើយទើបធ្វើឱ្យប្រទេសជាតិរបស់យើងមានការប្រែប្រួល ធ្វើឱ្យប្រជាជនមានជីវភាពកាន់តែប្រសើរឡើង មានការអភិវឌ្ឍន៍កាន់តែរីកចម្រើនឡើង ហើយនិងការលើកកម្ពស់ជីវភាព និងការជំរុញផ្ដល់សេវាឱ្យកាន់តែល្អប្រសើរថែមទៀត។ឯកឧត្តមអភិបាលខេត្ត ក៏បានណែនាំដល់មន្ទីរសុខាភិបាលខេត្ត ត្រូវរៀបចំយន្តការថែមទៀត ជាពិសេសការរៀបចំបណ្តុះបណ្តាលការកសាងនូវធនធានមនុស្ស និងក្រុមគ្រូពេទ្យដែលមានជំនាញបច្ចេកទេសគ្រប់គ្រាន់ឱ្យបានច្រើនថែមទៀតដើម្បីធ្វើការផ្ដល់សេវាសុខាភិបាលជូនដល់ប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា ៕