ឯកឧត្តម ស្វាយ សំអ៊ាង ដឹកនាំកិច្ចប្រជុំ ត្រួតពិនិត្យវឌ្ឍនភាពការងារ ប្រចាំខែមករា ឆ្នាំ២០២៤ និងទិសដៅភារកិច្ច សម្រាប់អនុវត្តបន្ត របស់គណៈកម្មាធិការគណបក្សខេត្ត
ភ្នំពេញ៖ ឯកឧត្តម ស្វាយ សំអ៊ាង សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សខេត្តស្ទឹងត្រែង នារសៀលថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំ ត្រួតពិនិត្យវឌ្ឍនភាពការងារប្រចាំខែមករាឆ្នាំ២០២៤ និងទិសដៅភារកិច្ច សម្រាប់អនុវត្តបន្តរបស់គណៈកម្មាធិការគណបក្សខេត្ត ។
កិច្ចប្រជុំនេះដែរ មានប្រសាសន៍បើក និងដឹកនាំកិច្ចប្រជុំដោយ ឯកឧត្តម ស្វាយ សំអ៊ាង ។ មតិចូលរួមកែសម្រួលលើសេចក្តីព្រាងរបាយការណ៍ប្រចាំខែមករា ឆ្នាំ២០២៤ និងទិសដៅភារកិច្ចសម្រាប់ អនុវត្តបន្ត របស់គណៈកម្មាធិការគណបក្សខេត្ត ។
ជាមួយគ្នានោះឯកឧត្តម អ៊ុក ឆាវ ប្រធានគណៈឃោសនាអប់រំ នៃគណៈកម្មាធិការគណបក្សខេត្ត ក៏បានផ្សព្វផ្សាយប្រតិទិនស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ ឆ្នាំ២០២៤ ។ ទន្ទឹមគ្នានោះក៏មានមតិចូលរួមរបស់សមាជិក សមាជិកា នៃអង្គប្រជុំ ។ កិច្ចប្រជុំនេះដែរ ក៏មានការលើកយកបញ្ហាផ្សេងៗ មកពិភាក្សាផងដែរ ។
នៅចុងបញ្ចប់នៃកិច្ចប្រជុំនេះ ឯកឧត្តម ស្វាយ សំអ៊ាងសមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សខេត្ត ក៏មានប្រសាសន៍បូកសរុបបិទកិច្ចប្រជុំផងដែរ ៕