លោកជំទាវ ចម និម្មល ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាធុរកិច្ចនៃក្រសួងពាណិជ្ជកម្ម លើកទី១
ភ្នំពេញ៖ នាព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤នេះ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំ កិច្ចប្រជុំ ក្រុមប្រឹក្សាធុរកិច្ចនៃក្រសួងពាណិជ្ជកម្ម លើកទី១ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម។
ក្នុងកិច្ចប្រជុំនេះ លោកជំទាវរដ្ឋមន្ដ្រី បានបង្ហាញអំពីគោលបំណង និងបេសកកម្មក្នុងការបង្កើតក្រុមប្រឹក្សាធុរកិច្ចនៃក្រសួងពាណិជ្ជកម្ម ដើម្បីសម្របសម្រួលដល់ការធ្វើពាណិជ្ជកម្ម និងសហការគ្នាដើម្បីស្វែងរកដំណោះស្រាយឆ្លើយតបទៅនឹងបញ្ហាប្រឈមដែលវិស័យឯកជនកំពុងជួបប្រទះ។
គួរបញ្ជាក់ផងដែរថា ក្រុមប្រឹក្សាធុរកិច្ចនៃក្រសួងពាណិជ្ជកម្ម នឹងក្លាយជាដៃគូរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការគាំទ្រលើការធ្វើធុរកិច្ចនៅកម្ពុជា ក្នុងគោលដៅជំរុញការផលិតដើម្បីនាំចេញ ការប្រើប្រាស់ផលិតផលក្នុងស្រុក ការទទួលខុសត្រូវផ្នែកសង្គមរបស់វិស័យឯកជន ការលើកទឹកចិត្តធុរកិច្ចបៃតង ការគាំទ្រដល់ធុរកិច្ចដែលមានអនុលោមភាព និងស្វែងរកដៃគូជាធុរជនបរទេស៕