ស្អែកនេះ ក្រសួងការងារ រៀបចំសន្និបាតបូកសរុបសមិទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤
ភ្នំពេញ៖ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនឹងធ្វើសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងទិសដៅការងារឆ្នាំ២០២៤ និងប្រកាសដាក់ឱ្យអនុវត្ត«ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ២០២៤ -២០២៨ ក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៨ កុម្ភៈ ឆ្នាំ២០២៤ នៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ។
នៅក្នុងពិធីសន្និបាតការងាររបស់ក្រសួង ឯកឧត្ដម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងថ្លែងសុន្ទរកថាអំពីសមិទ្ធផលការងារប្រចាំឆ្នាំរបស់ក្រសួង រួមទាំងរដ្ឋលេខាធិការ ប្រធាននាយកដ្ឋាន និងអគ្គនាយកដ្ឋាននៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈផងដែរ។
ដោយឡែកនៅថ្ងៃចុងក្រោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនឹងថ្លែងសុន្ទរកថាបិទ និងប្រកាសដាក់ឱ្យអនុវត្ត«ផែនការយុទ្ធសាស្រ្តអភិវឌ្ឃន៍វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ២០២៤-២០២៨ និងពិធីប្រគល់សៀវភៅ«ផែនការយុទ្ធសាស្រ្តអភិវឌ្ឃន៍ វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ២០២៤-២០២៨ រួមទាំងពិធីបំពាក់គ្រឿងឥស្សរិយយស មេដាយការងារ និងថតរូបអនុស្សាវរីយ៍៕