មន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការ ចុះពិនិត្យទីតាំងសម្រាប់ត្រៀមរៀបចំពិធីបើកការដ្ឋាន គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា)
ភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ ទី០៦ ខែកុម្ភ: ឆ្នាំ២០២៤ ឯកឧត្តម សួង ហេង រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មការរៀបចំពិធីបើកការដ្ឋានគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) រួមជាមួយនឹងក្រុមការងារពាក់ព័ន្ធ បានអញ្ជើញចុះពិនិត្យទីតាំងសម្រាប់ត្រៀមរៀបចំពិធីបើកការដ្ឋាន ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៩ ខែកុម្ភ: ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ។
ទីតាំងប្រារព្ធពិធីបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់នេះ នឹងរៀបចំនៅត្រើយខាងលិចនៃគម្រោងស្ពាន ដែលស្ថិតនៅក្នុងភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ក្រុមការងារបានពិនិត្យ និងសម្រេចឱ្យក្រុមហ៊ុន Shanghai Construction Group Co.,Ltd. (SCG) ដែលជាអ្នកអនុវត្តគម្រោង ធ្វើការឈូសឆាយសម្រួលផ្លូវចូលពីផ្លូវ៦០ម៉ែត្រ ទៅកាន់ទីតាំងពិធី ដែលនឹងក្លាយជាទីតាំងសម្រាប់សាងសង់រង្វង់មូលនៃគម្រោង នាពេលអនាគត ៕