រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ចុះទៅពិនិត្យស្ថានភាពផ្លូវជនបទក្រាលកៅស៊ូពីរជាន់DBST ដែលរងការខូចខាតជាដំណំ មួយខ្សែត្រង់ចំណុចក្លោងទ្វាវត្តដំណាក់ចារ ក្នុងស្រុកត្បូងឃ្មុំ
ភ្នំពេញ៖ នារសៀលថ្ងៃអង្គារ ១២រោច ខែបុស្ស ឆ្នាំថោះ បញ្ចា័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំ ប្រតិភូនៃក្រុមការងារបច្ចេកទេសរួមមានៈ ឯកឧត្ដមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ប្រធាននាយកដ្ឋាន មន្ត្រីជំនាញនៃក្រសួងអភិវឌ្ឍន៍ជនបទ ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់លោក ម៉ៅឌុង អភិបាលរង នៃគណអភិបាលខេត្តត្បូងឃ្មុំ បានចុះទៅពិនិត្យស្ថានភាពផ្លូវជនបទក្រាលកៅស៊ូពីរជាន់DBST ដែលរងការខូចខាតជាដំណំ មួយខ្សែមានទីតាំងតភ្ជាប់ពីផ្លូវជាតិលេខ៧ ត្រង់ចំណុចក្លោងទ្វាវត្តដំណាក់ចារ ភូមិដំណាក់ចារ ឃុំអញ្ចើម ស្រុកត្បូងឃ្មុំ ទៅដល់ភូមិឈូកសរ ឃុំដូនតី ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ជាព្រំប្រទល់ភ្ជាប់ទៅស្រុកកញ្ជ្រៀច ខេត្តព្រៃវេង មានប្រវែងសរុប ១៤ ៨៤០ម៉ែត្រ ទទឹងខ្នងលើ ៥ម៉ែត្រ។
គួររំលឹកផងដែថាផ្លូវនេះសាងសង់ឡើងក្នុងក្របខណ្ឌគម្រោងកែលម្អផ្លូវជនបទ ជំហានទី ២ របស់ក្រសួងអភិវឌ្ឍន៍ជនបទតាំងពី ឆ្នាំ២០១៩ មកម្លេះ និងទទួលរងការខូចខាតខ្លាំងដោយការដឹកលើសទំងន់កំណត់។ បច្ចុប្បន្នក្រសួងកំពុងពិនិត្យលទ្ធភាពក្នុងការជួសជុលស្ថាបនាផ្លូវនេះឡើងវិញដើម្បីជួយសម្រួលដល់ការធ្វើដំណើរ និងប្រកបរបរប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់នោះ។
បន្ទាប់មកឯកឧត្ដមរដ្ឋមន្រ្ដី និងប្រតិភូអមដំណើរ បានអញ្ជើញទៅពិនិត្យការដ្ឋានស្ថាបនាផ្លូវមួយខ្សែទៀតមានប្រវែង ១១,២០គីឡូម៉ែត្រ ដែលតភ្ជាប់ពីភូមិគោកស្រុក ឃុំគោកស្រុក ស្រុកតំបែរ ទៅភូមិទេពនិមិត្ត ឃុំគរ ស្រុត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដែលស្ថាបនាបានប្រមាណ ១០% នឹងគ្រោងបញ្ចប់នៅចុងឆ្នាំ២០២៤។
បន្ទាប់ពីត្រួតពិនិត្យខ្សែផ្លូវទាំង ២ខ្សែរួចមក ឯកឧត្ដមរដ្ឋមន្រ្ដី និងប្រតិភូរួមដំណើរ បានអញ្ជើញជូបសំណេះសំណាល និងពិនិត្យសាលាបុណ្យ និងជាទីស្នាក់ការភូមិគំរូមួយកន្លែងស្ថិតនៅភូមិល្វាតូច ឃុំគរ ស្រុកត្បូងឃ្មុំ។
ក្នុងឱកាសជួបសំណេះសំណាលនោះផងដែ ឯកឧត្តមរដ្ឋមន្ត្រី បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខ ប្រកបដោយក្ដីនឹករលឹក និងពរសព្វសាធុការពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រី សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា ជូនប្រជាពលរដ្ឋទាំងអស់នៅក្នុងភូមិល្វាតូច ក៍ដូចជាប្រជាពលរដ្ឋនៅទូទាំងខេត្តត្បូងឃ្មុំទាំងមូលផងដែរ។ តបតាមសំណើររបស់ប្រជាពលរដ្ឋនាឱកាសនោះ ឯកឧត្តមរដ្ឋមន្ដ្រី បានជូនឧបករណ៍បំពងសម្លេងចំនួន ៥ឈុត ជូនដល់ភូមិគំរូទាំង៥ ដើម្បីប្រើប្រាស់ជាប្រយោជន៍រួមរបស់សហគមន៍ផងដែរ ៕