ឧបនាយករដ្ឋមន្ត្រី នេត សាវឿន ចូលរួមជូនដំណើរសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ នៅថៃ
ភ្នំពេញ៖ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី នេត សាវឿន នាយករដ្ឋមន្ត្រីស្ដីទី នាព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានអញ្ជើញចូលរួមជូនដំណើរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា ទៅបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រថៃ ។
ដំណើរបំពេញទស្សនកិច្ចរយៈពេលមួយថ្ងៃនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់ឯកឧត្តម សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រីថៃ។ អញ្ជើញអមដំណើរសម្ដេចធិបតី និងលោកជំទាវបណ្ឌិត រួមមាន ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ, ទេសរដ្ឋមន្ត្រីរដ្ឋមន្ត្រី និងមន្ត្រីសំខាន់ៗ នៃរាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំវិស័យឯកជននៃសភាពាណិជ្ជកម្មកម្ពុជាផងដែរ។
យោងតាមក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចផ្លូវការនេះ សម្ដេចធិបតី និងលោកជំទាវបណ្ឌិត នឹងអញ្ជើញចូលក្រាបបង្គំគាល់ព្រះបាទ មហា វ៉ជីរ៉ាឡុងកន ព្រះវឺជីរ៉ាក់ក្លៅចៅយូហួរ ព្រះមហាក្សត្រថៃ នៅព្រះបរមរាជវាំង។
សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏នឹងអញ្ជើញចូលជួបសម្តែងការគួរសមដាច់ដោយឡែកជាមួយថ្នាក់ដឹកនាំស្ថាប័ននីតិប្បញ្ញត្តិរួមមាន ឯកឧត្តមសាស្ត្រាចារ្យ ផនភេត វិឈិតឆុល ឆៃ ប្រធានព្រឹទ្ធសភា និងលោក វ៉ាន់មូហាម៉ាត់ណ មៈថា ប្រធានរដ្ឋសភា។
សម្រាប់ជំនួបរវាងសម្តេចធិបតី ហ៊ុន ម៉ាណែត និងឯកឧត្តម សេដ្ឋា ថាវីស៊ីន នឹងពិភាក្សាការងារលើកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី ដែលផ្ដល់ផលប្រយោជន៍ទៅវិញទៅមក។ ទន្ទឹមនឹងនេះ នាយករដ្ឋមន្ត្រីទាំងពីរ ក៏នឹងធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគីមួយចំនួន។ ក្នុងដំណើរបំពេញទស្សនកិច្ចនៅប្រទេសថៃនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញថ្លែងសុន្ទរកថាបើកវេទិកាធុរកិច្ចកម្ពុជា-ថៃ ផងដែរ។
ក្រសួងការបរទេសកម្ពុជា បានគូសរំលេចថា ដំណើរទស្សនកិច្ចផ្លូវការរបស់សម្ដេចធិបតី ទៅកាន់ប្រទេសថៃ នាពេលនេះនឹងពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងដ៏យូរអង្វែង និងចំណងមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរស្របតាមស្មារតីនៃ «ការពង្រឹងភាពជាដៃគូដើម្បីសន្តិភាពនិងវិបុលភាព» ដែលផ្ដល់ផលប្រយោជន៍ ទៅវិញទៅមកសម្រាប់ប្រជាជននៃប្រទេសទាំងពីរ ព្រមទាំងសម្រាប់សន្តិភាព ស្ថិរភាព និងវិបុលភាព ក្នុងសហគមន៍អាស៊ាន និងអន្តរជាតិ៕