ជើងមាន់បង្កកជាង ១០២តោន ត្រូវបានសមត្ថកិច្ចជំនាញ ដុតកម្ទេចចោលភ្លាមៗ ក្រោយរកឃើញថាពុំមានអនុលោមភាព តាមបទប្បញ្ញត្តិបច្ចេកទេស
ភ្នំពេញ៖ កាលពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយមានការចង្អុលបង្ហាញពីសំណាក់ឯកឧត្តមផាន អូន ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» និងយោងចំណារឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀង និងមានការឯកភាពពីឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តស្វាយរៀងផងនោះ មន្រ្តីជំនាញ សាខា ក.ប.ប. ខេត្តស្វាយរៀង សហការល្អពីកងរាជអាវុធហត្ថខេត្តផងដែរ បានធ្វើការកម្ទេចចោលនូវជើងមាន់បង្កកចំនួន ១០២,៦០០ គីឡូក្រាម។
ជើងមាន់បង្កកទាំងអស់នោះត្រូវបានសមត្ថកិច្ចជំនាញឃាត់ចាប់បានលើរថយន្តដឹក កុងទឺនឺ (Container) ចំនួន៤គ្រឿងសំដៅឆ្ពោះទៅស្រុករមាសហែកក្នុងគោលបំណងធ្វើការចែកចាយបន្ត។
សូមបញ្ជាក់ថាជើងមាន់បង្កកទាំងអស់ខាងលើត្រូវបានមន្រ្តីជំនាញរកឃើញថាពុំមានច្បាប់អនុញ្ញាត ពុំមានឯកសារបញ្ជាក់ពីគុណភាព ពិេសសគឺពុំមានអនាម័យ និងផ្ទុកនូវសីតុណ្ហភាពពុំត្រឹមត្រូវតាមស្ដង់ដារ ដែលបណ្ដាលឱ្យខូចគុណភាពប៉ះពាល់សុខភាពអ្នកបរិភោគយ៉ាងធ្ងន់ធ្ងរ ៕