ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ បន្តចុះអប់រំផ្សព្វផ្សាយបញ្ហាសុខភាព ដល់និស្សិតសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ
ភ្នំពេញ៖ ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ ដែលបានផ្តួចផ្តើមបង្កើតឡើង ដោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា, នៅព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤ បានបន្តចុះអប់រំផ្សព្វផ្សាយបញ្ហាសុខភាព ដល់និស្សិតសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU)។
ការអប់រំផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹងនេះស្តីអំពី «សុខភាពមាតា ទារក និងកុមារ, សុខភាពបន្តពូជ និងការថែទាំសុខភាពបឋម» ដែលប្រព្រឹត្តទៅ ក្រោមវត្តមានលោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ និងលោកស្រី ទេព កូលាប សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ។
នៅក្នុងកម្មវិធីអប់រំផ្សព្វផ្សាយនោះ លោកស្រី មុំ ចន្ធី និងលោកបណ្ឌិត វ៉ា សុភ័ក្ត្រ លេខាធិការក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ បានធ្វើបទបង្ហាញពាក់ព័ន្ធទៅនឹងខ្លឹមសារនៃប្រធានបទខាងលើ ដោយបានលើកឡើងអំពីស្ថានភាពសុខភាពបន្តពូជ ឆ្នាំ២០២២, ស្ថានភាពសុខភាពមាតាទារក និងកុមារនៅក្នុងប្រទេសកម្ពុជា, សកម្មភាពសំខាន់ៗរបស់ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ, ចំណេះដឹងជាមូលដ្ឋានអំពីសុខភាពបន្តពូជ, មូលហេតុដែលបង្កឱ្យមានជំងឺមហារីកមាត់ស្បូន និងជំងឺមហារីកសុដន់ រោគសញ្ញា រួមជាមួយវិធីបង្ការជំងឺខាងលើនេះផងដែរ។
ជាមួយគ្នានេះ វាគ្មិនទាំង២រូប បានលើកឡើងអំពីសុខភាពបន្តពូជ និងការពន្យារកំណើត, អត្ថប្រយោជន៍នៃការពិនិត្យសុខភាពមុនពេលរៀបការ, ការថែទាំសុខភាពស្ត្រីក្នុងអំឡុងពេលមានផ្ទៃពោះ, ការពិនិត្យផ្ទៃពោះឱ្យបានយ៉ាងតិច ៤ដងមុនពេលសម្រាល, ការបរិភោគអាហារបំប៉នដែលម្តាយត្រូវបរិភោគក្នុងពេលមានគភ៌, ការថែទាំខ្លួន និងសញ្ញាគ្រោះថ្នាក់នានាក្នុងពេលមានគភ៌, ការបង្ការមេរោគអេដស៍ពីម្តាយទៅកូន, ការទៅសម្រាលកូននៅមណ្ឌលសុខភាព, ការចាក់វ៉ាក់សាំងបង្ការដល់កុមារ និងការផ្តល់អាហារូបត្ថម្ភដល់កុមារជាដើម។
បន្ថែមពីនេះ វាគ្មិនបានលើកឡើងអំពីស្ថានភាពបច្ចុប្បន្ន និងវិធីបង្ការខ្លួនពីមេរោគអេដស៍ ជំងឺអេដស៍ និងជំងឺកាមរោគ, ផលប៉ះពាល់ និងវិធីសាស្ត្រក្នុងការកាត់បន្ថយជំងឺមិនឆ្លងដូចជា ជំងឺបេះដូងសរសៃឈាម ជំងឺមហារីក ជំងឺផ្លូវដង្កើមរ៉ាំរ៉ៃ និងជំងឺទឹកនោមផ្អែមជាដើម រួមជាមួយចំណេះដឹងផ្សេងៗស្តីពីការថែទាំសុខភាពបឋមផងដែរ។
ក្នុងឱកាសបូកសរុបវគ្គអប់រំផ្សព្វផ្សាយនេះ លោកជំទាវ ម៉ែន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកស្រី ទេព កូលាប ដែលបានជួយសម្របសម្រួលដល់និស្សិតបានចូលរួមក្នុងកម្មវិធីអប់រំផ្សព្វផ្សាយនាថ្ងៃនេះ និងកោតសរសើរចំពោះសាកលវិទ្យាល័យ ដែលបានរៀបចំឱ្យមានក្លឹបយុវជនកាកបាទក្រហមកម្ពុជា សម្រាប់ផ្តល់ឱកាសដល់យុវជន ក្នុងការចុះធ្វើសកម្មភាពក្នុងសង្គម និងតាមសហគមន៍នានា ជាពិសេសក្នុងតួនាទីជា មិត្ត-អប់រំ-មិត្ត និង មិត្ត-ជួយ-មិត្ត នៅក្នុងសាកលវិទ្យាល័យ។
លោកជំទាវក៏បានជម្រាបជូនអំពីប្រវត្តិកាកបាទក្រហមកម្ពុជា និងថ្នាក់ដឹកនាំ ដែលមកដល់បច្ចុប្បន្ននេះ មាន សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ គង់ប្រថាប់ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បាននិងកំពុងបំពេញបេសកកម្មមនុស្សធម៌ទៅតាមវិស័យអាទិភាពទាំង៤ នៃយុទ្ធសាស្ត្រ ២០២១-២០៣០ របស់កាកបាទក្រហមកម្ពុជា ជួយសម្រាលការលំបាកដល់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុតនៅទូទាំងប្រទេស ក្នុងឋានៈជាជំនួយការឱ្យអាជ្ញាធរសាធារណៈក្នុងវិស័យមនុស្សធម៌។
បន្ថែមពីកិច្ចការងារមនុស្សធម៌ខាងលើនេះ, លោកជំទាវ បានគូសបញ្ជាក់ពីការងារអាទិភាពលើការចុះអប់រំផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹងដល់ជួរនិស្សិត និងយុវជន ពាក់ព័ន្ធទៅនឹងមេរោគអេដស៍ ជំងឺអេដស៍ ស្វាយ និងកាមរោគ, សុខភាព មាតាទារក និងកុមារ ដើម្បីឆ្លើយតបទៅនឹងគោរមងារដ៏ឧត្តុង្គឧត្តមរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ឥស្សរជនឆ្នើមថ្នាក់ជាតិ នៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ី-ប៉ាស៊ីហ្វិកឆ្លើយតបមេរោគអេដស៍ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ត្រីនិងកុមារ។
ជាក់ស្តែងសកម្មភាពនៃការចុះអប់រំផ្សព្វផ្សាយនាថ្ងៃនេះ គឺដើម្បីឈានឆ្ពោះការប្រារព្ធទិវាជាតិសុខភាពមាតា ទារក និងកុមារ ២១ កុម្ភៈ ខាងមុខនេះ និងជាផ្នែកមួយនៃការផលិតកម្មវិធីឥស្សរជនឆ្នើមថ្នាក់ជាតិប្រចាំខែ។
ទន្ទឹមនឹងនេះ លោកជមទាវ មានការជឿជាក់ថា ចំណេះដឹង បំនិនជីវិត ដែលបានផ្តល់ជូនក្មួយៗនិស្សិតនាពេលនេះ ពិតជាមានគុណតម្លៃ ហើយក្មួយៗនិស្សិតទាំងអស់នឹងក្លាយជាមិត្តអប់រំមិត្តដ៏ល្អ គឺជាគំរូសម្រាប់ធ្វើការអប់រំផ្សព្វផ្សាយបន្តដល់មិត្តភក្តិដទៃទៀត និងក្រុមគ្រួសាររបស់ខ្លួន ព្រោះថាការយល់ដឹង និងការរួមចំណែកផ្សព្វផ្សាយបន្តរបស់ក្មួយៗគឺការចូលរួមអនុវត្តយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ដែលផ្តោតលើសុខភាព និងការអភិវឌ្ឍមូលធនមនុស្ស គឺមនុស្សដែលមានសុខភាពល្អ និងមានសមត្ថភាព។
លោកជំទាវ ម៉ែន នារីសោភ័គ បានប្រគល់ប័ណ្ណសរសើរនិងថ្លែងអំណរគុណរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួមជាមួយសៀវភៅថ្នាក់ដឹកនាំ និងវត្ថុអនុស្សាវរីយ៍មួយចំនួន ជូនដល់លោកជំទាវសាកលវិទ្យាធិការនៃសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ។ ដោយឡែក ចំពោះនិស្សិតចំនួន ៨នាក់ ដែលបានឡើងឆ្លើយសំណួររបស់វាគ្មិននៅក្នុងកម្មវិធី ក៏ទទួលបានកាដូអនុស្សាវរីយ៍ផងដែរ៕