កម្ពុជានឹងបង្កើតអគ្គកុងស៊ុលមួយទៀត នៅខេត្តសុងក្លាប្រទេសថៃ
ភ្នំពេញ៖ ឯកឧត្ដម ហ្សង់ ហ្រ្វង់ស្វ័រតាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន នាយប់ថ្ងៃទី០៧ ខែកុម្ភៈ ស្តីពីលទ្ធផលដំណើរទស្សនកិច្ចផ្លូវការរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវ នៅប្រទេសថៃ បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា នឹងបង្កើតអគ្គកុងស៊ុលរបស់ខ្លួនមួយទៀត នៅខេត្តសុងក្លា ប្រទេសថៃ ខណៈរាជរដ្ឋាភិបាលថៃ ក៏នឹងបង្កើតកុងស៊ុលថ្មីមួយទៀតដែរ នៅខេត្តសៀមរាប។
ឯកឧត្ដមបានបន្តថា គោលដៅចំបងនៃការបង្កើតថ្មីបន្ថែមនេះ គឺសម្រួលកិច្ចការកុងស៊ុល និងជួយជំរុញផ្នែកពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ ចូលប្រជាជននៃប្រទេសទាំងពីរ។
សូមជម្រាបថា ទំនាក់ទំនងការទូតរវាងកម្ពុជា និងថៃ ត្រូវបានបង្កើតជាផ្លូវការនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ១៩៥០។ បើតាម ឯកឧត្ដម តាន់ ហ្សង់ហ្វ្រង់ស័រ សម្តេចធិបតី ហ៊ុន ម៉ាណែត ជាអ្នកបើកទំព័រប្រវត្តិសាស្ត្រថ្មី នៃទំនាក់ទំនងកម្ពុជា និងថៃ ដោយប្រទេសទាំងពីរបានដំឡើងកម្រិតទំនាក់ទំនងជា «ដៃគូយុទ្ធសាស្ត្រ» នៅក្នុងដំណើរទស្សនកិច្ចលើកនេះ៕