កម្ពុជា-បែលហ្ស៊ិក ប្តេជ្ញាពង្រឹងពង្រីកបន្ថែមទៀត នូវកិច្ចសហប្រតិបត្តិការទ្វេភាគី ពិសេសលើវិស័យពាណិជ្ជកម្ម និងវិនិយោគ
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត រដ្ឋលេខាធិការ ចែម វីឌ្យ៉ា និងឯកឧត្តម ហ្វ្រង់ស័រ ដឺឡាយ៉េ (François DELHAYE) នាយកទទួលបន្ទុកអាស៊ី និងអូសេអានី បានដឹកនាំកិច្ចពិគ្រោះប្រជុំពិគ្រោះយោបល់ទ្វេភាគីលើកទី១ រវាងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងការបរទេសនៃព្រះរាជាណាចក្របែលហ្ស៊ិក ។ កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងនៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្តីការក្រសួងការបរទេស។ ដឹកនាំដោយ ។
ក្នុងជំនួបពិភាក្សានេះ ភាគីទាំងពីរ បានលើកឡើងអំពីការអភិវឌ្ឍនយោបាយ និងសេដ្ឋកិច្ចនៃប្រទេសរៀងៗខ្លួន ហើយប្តេជ្ញាពង្រឹង និងពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេសលើវិស័យពាណិជ្ជកម្ម និងការវិនិយោគ។ ភាគីទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈលើបញ្ហាក្នុងតំបន់ និងពិភពលោកមួយចំនួន ដែលជាកង្វល់រួម។
មន្ត្រីជាន់ខ្ពស់ទាំងពីរបានឯកភាពថា យន្តការពិគ្រោះយោបល់ទ្វេភាគីមានសារៈសំខាន់ក្នុងការជំរុញកិច្ចសហប្រតិបត្តិការប្រទាក់ក្រឡាគ្នារវាងក្រសួងការបរទេសទាំងពីរ និងបានត្រៀមខ្លួនរួចជាស្រេចក្នុងការរៀបចំកិច្ចពិគ្រោះយោបល់លើកទី ២ នៅទីក្រុងព្រុចសែល តាមពេលវេលាសមស្រប។