ឯកឧត្តមសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា ទទួលជួបពិភាក្សាការងារ ជាមួយសមាគមពាណិជ្ជករគ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជា
ភ្នំពេញ៖ ឯកឧត្តម សន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ នាថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤ បានទទួលជួបពិភាក្សាការងារ និងសម្តែងការគួរសម ជាមួយសមាគមពាណិជ្ជករគ្រឿងអលង្ការនិងត្បូងមានតម្លៃកម្ពុជា ដឹកនាំលោកបណ្ឌិត ឆាយ ស៊ីណាត រួមជាមួយសហការីចំនួន៥រូប។
យោងតាមសេចក្តីរាយការណ៍របស់លោកបណ្ឌិត ឆាយ ស៊ីណាត ប្រធានសមាគមពាណិជ្ជករគ្រឿង អលង្ការ និងត្បូងមានតម្លៃកម្ពុជា បានរាយការណ៍គម្រោងនៃការរៀបចំពិព័រណ៍ ជាលើកទី១៥ ចាប់ពី ថ្ងៃទី ២១ ដល់ថ្ងៃទី ២៥ ខែមីនា ឆ្នាំ២០២៤ ដែលមាន ស្តង់ពិព័រណ៍ប្រមាណ៣០០ស្តង់ រួមមាន កម្មវិធីផ្សេងៗទៀត ដោយសហការជាមួយដៃគូពាណិជ្ជករជាតិ និងអន្តរជាតិដែលនឹងដាក់តាំងបង្ហាញ នៅក្នុងមជ្ឈមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ។
ក្នុងជំនួបពិភាក្សានេះ ខាងសមាគម បានស្នើសុំការគាំទ្រ និងយន្តការការពារសន្តិសុខ ពីក្រសួងមហាផ្ទៃ ក្នុងព្រឹត្តការណ៍នេះ ដើម្បីញ៉ាំងឱ្យដំណើរការទៅរលូន និងទទួលបានជោគជ័យ ៕