គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា បើកកិច្ចប្រជុំពិនិត្យនិងពិភាក្សាឣំពី(Open Budget Survey-OBS)
ភ្នំពេញ៖ នារសៀលថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤ នៅវិមានរដ្ឋសភា គណៈកម្មការ សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា ដឹកនាំដោយ ឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការ បានបើកកិច្ចប្រជុំដើម្បីពិនិត្យពិភាក្សាឣំពី( Open Buget Survey-OBS)។
កិច្ចប្រជុំនេះមានការអញ្ចើញចូលរួមពី ឯកឧត្តម អនុប្រធាន លោកជំទាវ លេខាធិការ និងឯកឧត្តម លោកជំទាវ ជាសមាជិក សមាជិកាគណៈកម្មការទី២ រដ្ឋ្ឋសភា ឯកឧត្តមតំណាងគណ:កម្មការទី២ ព្រឹទ្ធសភា ឯកឧត្តម លោកជំទាវ តំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឯកឧត្តម លោកជំទាវតំណាង អជ្ញាធរសវនកម្មជាតិ ឯកឧត្តមអគ្គលេខាធិការង ឯកឧត្តមអគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ ឯកឧត្តមតំណាងក្រុមប្រឹក្សាអ្នកច្បាប់រដ្ឋសភា មន្ត្រីជំនាញ និងមន្រ្តីជំនួយការគណៈកម្មការផងដែរ។
ឯកឧត្តម ឈាង វុន បានមានប្រសាសន៍ថាប្រទេសកម្ពុជាបានចូលរួមការអង្កេតលើការបើកចំហថវិកាដែលរៀបចំដោយអង្គការភាពជាដៃគូថវិកាអន្តរជាតិជារៀងរាល់២ឆ្នាំម្តងចាប់ពីឆ្នាំ២០០៨មកនិងមានការចូលរួមពីប្រទេសប្រមាណជាង១០០នៅជុំវិញពិភពលោក។
សម្រាប់ការត្រៀមខ្លួនចូលរួមនៅឆ្នាំ២០២៥ខាងមុខនិងដើម្បីជាចំណែកចូលរួមលើកស្ទួយមុខមាត់កម្ពុជាលើឆាកអន្តរជាតិ អគ្គលេខាធិការដ្ឋានគណ:កម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណ:គ្រោងបង្កើនពិន្ទុរបស់កម្ពុជាតាមរយ:កិច្ចសហការជាមួយអ្នកជំនាញការសហភាពអឺរ៉ុបក្នុងការរៀបចំសេចក្តីព្រាងចម្លើយលើកម្រងសំណួរនេះទាមទារនូវកិច្ចសហការពីគ្រប់ភាគីពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលជាពិសេសស្ថាប័ននិតិប្បញ្ញត្តិដែលដើរតួនាទីសំខាន់ក្នុងការត្រួតពិនិត្យថវិកា ៕