ឯកឧត្តម ជា វ៉ាន់ដេត អញ្ជើញបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ នៅមណ្ឌលភូមិភាគ៥
ភ្នំពេញ៖ នៅព្រឹកថ្ងៃសៅរ៍ ទី១០ ខែកុម្ភៈ ឆ្នាំ ២០២៤នេះ ឯកឧត្តម បណ្ឌិត ជា វ៉ាន់ដេត ប្រធានក្រុមការងារចុះមូលដ្ឋានខេត្តតាកែវ បានអញ្ជើញប្រកាសបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ មណ្ឌលភូមិភាគ៥ (ខេត្តតាកែវ ខេត្តកែប និងខេត្តកំពត) ដែលពិធីបានប្រារព្ធធ្វើឡើងនៅបរិវេណស្នាក់ការគណបក្សប្រជាជនកម្ពុជា ខេត្តតាកែវ។
ពិធីនេះក៏មានការអញ្ជើញចូលរួម ឯកឧត្តម អ៊ូច ភា ប្រធានគណៈកម្មាធិការគណបក្សខេត្តតាកែវ ឯកឧត្តម យស ណាស៊ី ប្រធានគណៈអចិន្ត្រៃយ៍គណបក្សខេត្ត និងឯកឧត្តម លោកជំទាវ ប្រធាន អនុប្រធាន ក្រុមការងារចុះមូលដ្ឋាន ស្រុក ក្រុង ឃុំ សង្កាត់ និងអង្គបោះឆ្នោត ចូលរួមច្រើនកុះករផងដែរ។
បន្ទាប់ពីបានស្ដាប់របាយការណ៍ស្វាគមន៍ របស់ ឯកឧត្តម អ៊ូច ភា ប្រធានគណៈកម្មាធិការគណបក្សខេត្ត រួចមក ឯកឧត្តម បណ្ឌិត ជា វ៉ាន់ដេត ប្រធានក្រុមការងារចុះមូលដ្ឋានខេត្តតាកែវ បានធ្វើការផ្ដាំផ្ញើដល់អង្គបោះឆ្នោតទាំងអស់ សូមយកចិត្តទុកដាក់ថែរក្សាសុខភាពរបស់ខ្លួន ពិនិត្យឯកសារសម្រាប់ការបោះឆ្នោត តាមដានប្រតិទិនពាក់ព័ន្ធនឹងការបោះឆ្នោត ឲ្យបានជាប់ជាប្រចាំ និងគោរពឲ្យបានខ្ជាប់ខ្ជួនបទបញ្ញត្តិនានា ពាក់ព័ន្ធទៅនឹងការបោះឆ្នោតផងដែរ។ ហើយសូមអញ្ជើញទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលរូបទេវតាបាចផ្កាជាសម្គាល់ ៕