ឯកឧត្ដម ស៊ុន ចាន់ថុល ដឹកនាំយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ នៅខណ្ឌមានជ័យ
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈឆ្នាំ ២០២៤នេះ ឯកឧត្ដម ស៊ុន ចាន់ថុល ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខណ្ឌមានជ័យ បានដឹកនាំយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ នៅក្នុងមូលដ្ឋានរបស់ខ្លួន។
ពិធីនេះមានការចូលរួមពីប្រធានគណៈឃោសនាអប់រំ និងជាសមាជិកអចិន្ត្រៃយ៍ នៃគណៈកម្មការធិការគណបក្សខណ្ឌមានជ័យ ព្រមទាំងសមាជិក សមាជិកាគណបក្សខណ្ឌ សង្កាត់ជាច្រើនផងដែរ។
ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤នេះ គឺជាព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រមួយទៀត ដែលសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នឹងឈរឈ្មោះជាប្រធានព្រឹទ្ធសភា ដែលជាសភាជាន់ខ្ពស់ នៃអំណាចនីតិប្បញ្ញត្តិ។
នាឱកាសនោះដែរ ឯកឧត្ដម ស៊ុន ចាន់ថុល ក៏ផ្ដាំផ្ញើដល់អង្គបោះឆ្នោតទាំងអស់ សូមយកចិត្តទុកដាក់ថែរក្សាសុខភាពរបស់ខ្លួន ពិនិត្យឯកសារសម្រាប់ការបោះឆ្នោត តាមដានប្រតិទិនពាក់ព័ន្ធនឹងការបោះឆ្នោត ឲ្យបានជាប់ជាប្រចាំ និងគោរពឲ្យបានខ្ជាប់ខ្ជួនបទបញ្ញត្តិនានា ពាក់ព័ន្ធទៅនឹងការបោះឆ្នោតផងដែរ។
ជាមួយគ្នានោះ ឯកឧត្ដមបានអំពាវនាវដល់អាជ្ញាធរសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវធ្វើយ៉ាងណារក្សាសន្តិសុខសណ្ដាប់ធ្នាប់ សុវត្ថិភាពសម្រាប់អង្គបោះឆ្នោត ក្នុងគោលដៅបង្កើតបានបរិយាកាសនយោបាយល្អប្រសើរ ប្រកបដោយលក្ខណៈសេរីត្រឹមត្រូវ និងយុត្តិធម៌៕