ឯកឧត្ដម ស្វាយ សំអ៊ាង អញ្ជើញសំណេះសំណាលជាមួយអង្គបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ របស់គណបក្សប្រជាជនកម្ពុជា ក្នុងស្រុកសេសាន
ភ្នំពេញ៖ ឯកឧត្ដម ស្វាយ សំអ៊ាង សមាជិកគណៈកម្មាធិការកណ្ដាល ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តស្ទឹងត្រែង និងជាប្រធានគណៈពង្រឹងស្រុកសេសាន នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីភាពក្នុងពិធីជួបសំណេះសំណាលជាមួយអង្គបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ភូមិភាគ៨ (ខេត្តព្រះវិហារ ខេត្តកំពង់ធំ ខេត្តក្រចេះ ខេត្តស្ទឹងត្រែង ខេត្តរតនគិរី និងខេត្តមណ្ឌលគិរី) របស់គណបក្សប្រជាជនកម្ពុជា នៅក្នុងស្រុកសេសាន។
មានមតិសំណេះសំណាល ក្នុងពិធីនេះឯកឧត្តម ស្វាយ សំអ៊ាង បានមានប្រសាសន៍ថា ដោយអនុវត្តតាមសេចក្តីសម្រេចលេខ៥១៩សសរ.គក ចុះថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣ របស់គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា ស្តីពីផែនការរួមឆ្ពោះទៅកាន់ ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤នោះ គណបក្សខេត្ត សហការជាមួយគណៈកម្មការរៀបចំការបោះឆ្នោត សម្រាប់ការិយាល័យបោះឆ្នោតលេខ៨០០៦ មានអង្គបោះឆ្នោតទាំងអស់ចំនួន ១៧៧រូប ក្នុងនោះអ្នកបោះឆ្នោតរបស់គណបក្សប្រជាជនកម្ពុជាសរុបចំនួន ១៥៦រូប ក្នុងនោះអ្នកបោះឆ្នោតរបស់គណបក្សប្រជាជនកម្ពុជា ស្រុកសេសានចំនួន ២៩រូប។
ឯកឧត្ដម ស្វាយ សំអ៊ាង មានប្រសាសន៍ថា ក្នុងស្ថានភាពលំបាក ពេលជួបនូវវិបត្តិជាសកល ជំងឺកូវីដ-១៩ បានធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចប្រទេសកម្ពុជា ជាពិសេសធ្វើឲ្យរាំងស្ទះដល់ដំណើរការអភិវឌ្ឍន៍ប្រទេសជាតិ។ ឯកឧត្ដមបន្ថែមថា សង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន ក៏ដូចជាសង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ ក៏បានធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក ក៏ដូចជាប្រទេសកម្ពុជាផងដែរ។
ឯកឧត្ដមបានលើកឡើងថា បញ្ហាបម្រែបម្រួលអាកាសធាតុ បានធ្វើឲ្យប៉ះពាល់ដល់ការធ្វើស្រែរបស់បងប្អូនប្រជាកសិករ នៅទូទាំងប្រទេស។ ជាមួយគ្នានោះឯកឧត្ដម ស្វាយ សំអ៊ាង ក៏បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ ប្រើប្រាស់ទឹកដោយសន្សំសំចៃ ពីព្រោះថាការប្រែប្រួលអាកាសធាតុអាចធ្វើឱ្យរដូវប្រាំងឆ្នាំនេះអូសបន្លាយពេលយូរ។
ឯកឧត្ដមក៏បានណែនាំឲ្យក្រុមប្រឹក្សាឃុំសង្កាត់ មិនត្រូវទុកឲ្យប្រជាជនណាម្នាក់អត់បាយហូបនោះទេ។ ជាមួយគ្នានោះឯកឧត្ដមក៏បានក្រើនរំលឹកឲ្យអាជ្ញាធរ ពង្រឹកកិច្ចការពារសន្តិសុខសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋានរបស់ខ្លួន ជាពិសេសទប់ស្កាត់ក្រុមក្មេងទំនើង និងបង្ក្រាបបទល្មើសគ្រឿងញៀនឲ្យមានប្រសិទ្ធភាព។
ឯកឧត្ដម ស្វាយ សំអ៊ាង បានគូសបញ្ជាក់ថា ព្រឹទ្ធសភាត្រូវបានបង្កើតឡើងនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ១៩៩៩។ ព្រឹទ្ធសភា គឺតំណាងឲ្យផលប្រយោជន៍ ឃុំសង្កាត់ ជាអ្នកពិនិត្យច្បាប់ ជាស្ថាប័នពង្រឹងលទ្ធិប្រជាធិបតីជាស្ថាប័ជ្រើសរើសព្រះមហាក្សត្រ ជាពិសេសដើរតួនាទីយ៉ាងសំខាន់ក្នុងការរក្សាលំនឹងស្ថេរភាពនយោបាល។ ព្រឹទ្ធសភាក៏បានដើរតួនាទី ជាមួយរដ្ឋសភាជាតិ អ្វីដែលកាន់តែពិសេសទៀតនោះ គឺព្រឹទ្ធសភា ដើរតួនាទីជាប្រមុខរដ្ឋ ពេលអវត្តមានព្រះមហាក្សត្រ។
ឯកឧត្ដមបានថ្លែងថា ក្រុមប្រឹក្សាឃុំសង្កាត់ទាំងអស់ ប្រៀបបានដូចជាគ្រូសង្គ្រាច គ្រូសូត្រស្ដាំ គ្រូសូត្រឆ្វេង ពោលគឺសុទ្ធតែជាស្នូលរបស់បក្ស ដូច្នេះអង្គបោះឆ្នោតទាំងអស់ ដឹងតែ១០០%ហើយ គឺបោះឆ្នោតឲ្យបេក្ខជនឈរឈ្នោះរបស់គណបក្សប្រជាជនកម្ពុជា។
ក្នុងឱកាសនោះ ឯកឧត្តមក៏បានអំពាវនាវដល់ ក្រុមប្រឹក្សាឃុំ-សង្កាត់ ទាំងអស់សូមថែរក្សាសុខភាព បង្កើនការប្រុងប្រយ័ត្ននូវសន្តិសុខ សណ្តាប់ធ្នាប់ និងត្រូវត្រៀមឯកសារពាក់ព័ន្ធឲ្យបានគ្រប់គ្រាន់ ដើម្បីបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា លេខរៀងទី១ ឲ្យបានគ្រប់ៗគ្នា។
ឯកឧត្ដម ស្វាយ សំអ៊ាង បានមានប្រសាសន៍ថា គណបក្សនៅក្នុងស្រុកសេសាន បានត្រៀមលក្ខណៈសម្រាប់ការសម្របសម្រួល ក្នុងដំណើរការដូចជាចែកប័ណ្ណព័ត៌មាន អ្នកបោះឆ្នោត យុទ្ធនាការឃោសនា មធ្យោបាយធ្វើដំណើរ ការស្នាក់នៅ ហូបចុកងាយស្រួលដល់អង្គបោះឆ្នោត ក្រោមការដឹកនាំផ្ទាល់ដោយ ប្រធានគណបក្សស្រុកនិងតាមមតិដឹកនាំដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា ដោយមិនប៉ះពាល់ដល់នីតិវិធី បទបញ្ជា និងច្បាប់បោះឆ្នោតឡើយ។
ក្នុងឱកាសជួបសំណេះសំណាល ឯកឧត្ដម ស្វាយ សំអ៊ាង ក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ ប្រកបដោយសេចក្តីនឹករលឹកដ៏ជ្រាលជ្រៅបំផុតពីសំណាក់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ជាប្រធាន និងលោកអនុប្រធានព្រឹទ្ធសភា។ ជាមួយគ្នានោះឯកឧត្ដម ក៏បានពាំនាំនូវការផ្តាំផ្ញើសួសុខទុក្ខ ប្រកបដោយសេចក្តីនឹករលឹកដ៏ជ្រាលជ្រៅបំផុតពីសំណាក់ សម្ដេច ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា ជូនដល់អ្នកចូលរួមក្នុងអង្គពិធីនាថ្ងៃនេះផងដែរ។
ឯកឧត្ដមបានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផលការងារជាវិជ្ជមានរបស់ក្រុមប្រឹក្សាឃុំ-សង្កាត់ ដោយធានាបាននូវប្រសិទ្ធភាព ក្នុងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ការពារបានសន្តិសុខ សណ្តាប់ធ្នាប់ និងបរិស្ថានល្អ ដោះស្រាយបាននូវបញ្ហាប្រឈមនានាទាន់ពេលវេលា និងធ្វើការអភិវឌ្ឍមូលដ្ឋានយ៉ាងល្អប្រសើរ និងសម្បូរបែប។
ឯកឧត្ដម ស្វាយ សំអ៊ាង សមាជិកគណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តស្ទឹងត្រែង និងជាប្រធានគណៈពង្រឹងស្រុកសេសាន បានសំណូមពរមួយចំនួន ដល់អង្គបោះឆ្នោត សូមបន្តសហការរៀបចំគាំទ្រ ដល់ដំណើរការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ និងត្រៀមឯកសារឲ្យបានគ្រប់គ្រាន់ និងចូលរួមបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ឲ្យបានគ្រប់ៗគ្នាជាមួយគ្នានោះ ត្រូវពង្រឹង ពង្រីកសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការការងារ ឲ្យបានល្អប្រសើរ ពិសេសត្រូវផ្តល់សេវាសាធារណៈ ជូនប្រជាជនប្រកបដោយគុណភាព តម្លាភាព និងប្រសិទ្ធភាព ៕