ឧត្តមសេនីយ៍ទោ សោម ស៊ុន នាំយកអំណោយសម្តេចធិបតី ហ៊ុន ម៉ាណែត ឧបត្ថម្ភជូនពលរដ្ឋ រងគ្រោះដោយអគ្គីភ័យឆាប់ឆេះផ្ទះ ១ខ្នង នៅក្រុងស្ទឹងសែន
ភ្នំពេញ៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤ បានដឹកនាំសហការី នាំយកគ្រឿងឧបភោគបរិភោគ សម្ភារៈប្រើប្រាស់និងថវិកាមួយចំនួន ដែលជាអំណោយ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ទៅឧបត្ថម្ភជូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយភ្លើងឆេះផ្ទះ នៅភូមិបល្ល័ង្កខាងលិច សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។
លោកតា អែម ឃុន អាយុ ៦៥ឆ្នាំ បានបញ្ជាក់ថា ផ្ទះរបស់គាត់មានទំហំ៤ម៉ែត្រគុណនិង៦ ម៉ែត្រ ធ្វើអំពីឈើ ជញ្ជាំងនិង ដំបូលប្រក់ស្លឹក ត្រូវបាន អគ្គីភ័យ បានឆាបឆេះផ្ទះរបស់គាត់អស់គ្មានសល់ កាលពីពេលថ្មីៗ កន្លងទៅនេះ ដោយសារការឆ្លងចរន្ត អគ្គិសនី ហើយគាត់ជាបុរសពោះ ម៉ាយ មានកូនក្នុងបន្ទុកចំនួន២នាក់ ដោយភរិយារបស់គាត់បានទទួលមរណភាពចោលគាត់កាលពីឆ្នាំ២០១៩ដោយសារជំងឺកូវីដ១៩ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការសោកស្តាយ ចំពោះការបាត់បង់ផ្ទះសម្បែងនិងទ្រព្យសម្បត្តិ ដោយសារអគ្គីភ័យឆាប់ឆេះនៅពេលនេះ នឹងបានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ព្រោះនេះជារដូវក្តៅ អគ្គីភ័យ អាចឆេះផ្ទះបងប្អូនធ្វើឲ្យបាត់បង់ទ្រព្យសម្បត្តិផ្សេងៗបើយើងមានការធ្វេប្រហែស និងបានណែនាំដល់ប្រជាពលរដ្ឋ ទាំងអស់មុនពេលចេញដំណើរទៅក្រៅផ្ទះត្រូវបិទចរន្តអគ្គិសនី ពន្លត់ភ្លើងធូបទាន ឬភ្លើងចង្ក្រានជាមុនសិន ។
នៅក្នុងឱកាសនេះឧត្តមសេនីយ៍ទោ សោម ស៊ុន បាននាំយកអំណោយសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បាន ឧបត្ថម្ភជូនគាត់ នូវ អង្ករចំនួន៥០គីឡូក្រាម មីជាតិចំនួន២កេស ទឹកត្រី ទឹកស៊ីអ៊ីវចំនួន២យូរ សម្ភារៈប្រើប្រាស់មាន ចង្រាន្ត ចាន ឆ្នាំង ស្លាប ព្រា កាំបិត ធុងទឹក មុង ភួយ កន្ទេលខ្នើយ ។ ល។ និងថវិកាមួយចំនួនទៀតផងដែរ ។
លោកតា អែម ឃុន រួមជាមួយ អាជ្ញាធរ ដែនដី បានសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុត ចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌឹត ពេជ ចន្ទមុន្នី ព្រមទាំងឧត្តមសេនី យ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងសហការី ដែលបានជួយដោះស្រាយដល់ការលំបាករបស់គាត់ ដោយសារអគីភ័យ ឆាបឆេះ ផ្ទះ សម្បែងនៅពេលនេះ និងបានសូមគោរពជូនពរសម្ដេច លោក ជំទាវ ព្រមទាំងឧត្តមសេនីយ៍ទោ សោម ស៊ុន និងសហការី ទាំងអស់ សូមទទួលបាននូវពុទ្ធពរទាំង៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈនិងពលៈកុំបីឃ្លៀងឃ្លាតឡើយ ៕