មន្ត្រីជំនាញរកឃើញបង្គាមានចាក់ចាហួយ ប្រមាណជាង ៤តោន នៅម្តុំត្រឡោកបែក
ភ្នំពេញ៖ លោក ង៉ែត ចេក អគ្គនាយករង ក.ប.ប. តំណាង ឯកឧត្តម ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» កាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤ បានដឹកនាំមន្ត្រីនៃសាខា ក.ប.ប. រាជធានីភ្នំពេញ បានបើកយុទ្ធនាការត្រួតពិនិត្យសុវត្ថិភាពម្ហូបអាហារជូនប្រជាពលរដ្ឋ ក្នុងមុនថ្ងៃចូលឆ្នាំប្រពៃណីចិនវៀតណាមចូលមកដល់ ដោយត្រួតពិនិត្យទៅលើទីតាំងលក់ និងចែកចាយគ្រឿងសមុទ្រ ម្តុំត្រឡោកបែក ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ក្នុងប្រតិបត្តិការត្រួតពិនិត្យនេះ មានការចូលរួមសហការពីមន្ត្រីជំនាញនៃនាយកដ្ឋានមន្ទីរពិសោធន៍ នៃអគ្គនាយកដ្ឋាន ក.ប.ប. និងការិយាល័យប្រឆាំងបទល្មើស សេដ្ឋកិច្ច នៃស្នងការដ្ឋានរាជធានីភ្នំពេញ និងអាជ្ញាធរដែនដី។
ជាលទ្ធផល ពុំបានរកឃើញមានផលិតផលមានសាធាតុគីមីហាមឃាត់ទេ ប៉ុន្តែបានរកឃើញមានការចាក់ចាហ៊ួយលើក្បាលបង្គា សរុបចំនួន២២៦កេស ស្មើនឹង ៤,២៣៥គីឡូក្រាម ដែលកម្លាំងមន្ត្រីយើងរកឃើញ នៅលើរថយន្តដែលកំពង់ចែកចាយ និងនៅតាមស្តង់លក់មួយចំនួនម្តុំត្រឡោកបែក។
ដោយមានការអនុញ្ញាតពី ឯកឧត្តមព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការដកហូត និងយកទៅបំផ្លាញចោលនូវផលិតផលបង្គាមានចាក់ចាហ៊ួយទាំងនោះ តាមនីតិវិធីនៅទីលានចាក់សម្រាមខណ្ឌដង្កោ។
ឆ្លៀតក្នុងឱកាសនោះដែរ មន្ត្រីជំនាញ នៃអគ្គនាយកដ្ឋាន ក.ប.ប. ក៏បានពន្យល់ណែនាំអាជីវករ អ្នកលក់រាយ និងតាមស្តង់ដែលតាំងលក់ផលិតផលគ្រឿងសមុទ្រ និងសម្ភារៈប្រើប្រាស់ នៅក្នុងថ្ងៃពិធីនេះលក់ឱ្យបានត្រឹមត្រូវ និងមានសុចរិតភាព ដើម្បីធានាបាននូវការការពារសុខុមាលភាព និងផលប្រយោជន៍អ្នកប្រើប្រាស់។
ក្នុងករណីផលិតផលណាដែលអាចប៉ះពាល់បញ្ហសុខភាព ដល់អ្នក ទទួលទាន សូមបងប្អូន ផ្តល់ព័ត៌មាន ឬដាក់ពាក្យបណ្តឹងមកកាន់អគ្គនាយកដ្ឋាន ក.ប.ប. ឬតាម CCF Complaint App នៃក្រសួងពាណិជ្ជកម្មដោយផ្ទាល់៕