ប្រទះឃើញស្ត្រីបរទេសម្នាក់ ដេកស្លាប់ ខណៈមន្ត្រីជំនាញសន្និដ្ឋានថា ជាករណីគាំងបេះដូង
ភ្នំពេញ៖ បានដេកស្លាប់នៅក្នុងបន្ទប់បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៦ព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ នៅចំណុចផ្ទះលេខ ៣១៥ ស្ថិតក្នុងក្រុមទី០៥ ភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ។
យោងតាមប្រភពព័ត៌មានពីមន្ត្រីសមត្ថកិច្ចបានឱ្យដឹងថា ជនជាតិបរទេសដែលដេកស្លាប់នោះមានឈ្មោះ មូរ៉ាយ ម៉ារី អាណេ ម័កដូណាល់ MURRAY MARY ANNE MCDONALDS អាយុ៦៥ឆ្នាំ ជាជនជាតិអង់គ្លេស កាន់លិខិតឆ្លងដែនលេខ ៥៥៤២9៤៤២៣ ខណៈជនរងគ្រោះខាងលើមានជំងឺអាលាក់ស៊ីបំពង់-ក២០ឆ្នាំមកហើយ និងតែងលេបថ្នាំព្យាបាលជំងឺនេះជាប្រចាំផងដែរ។
សមត្ថកិច្ចបញ្ជាក់ថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង២២យប់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤ ជនរងគ្រោះបានចូលគេងជាមួយប្ដីដូចសព្វមួយដង លុះព្រឹកឡើងវេលាម៉ោង០៦៖០០នាទីថ្ងៃទី១២កុម្ភៈ ទើបប្ដីដឹងថា ប្រពន្ធរបស់ខ្លួនបានស្លាប់ ក្រោយមកក៏បានរាយការណ៍ដល់អាជ្ញាធរមានសមត្ថកិច្ចឱ្យចុះមកពិនិត្យតែម្ដង។
អាជ្ញាធរបានឱ្យដឹងបន្តថា ក្រោយពីធ្វើការត្រួតពិនិត្យដោយមន្ត្រីជំនាញកោសល្យវិច្ឆយ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យបង្អែកខេត្តរួចមក មន្ត្រីជំនាញបានធ្វើការសន្និដ្ឋានថា សពជនរងគ្រោះខាងលើពិតជាស្លាប់ដោយសារជំងឺគាំងបេះដូង។ ក្រោយមកសពជនរងគ្រោះត្រូវបានរក្សាទុក រង់ចាំការសម្រេចរបស់ស្ថានទូតអង់គ្លេសប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ដើម្បីចាត់ចែងបន្តតាមនីតិវិធី ៕