ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ ដឹកនាំកិច្ចប្រជុំពិភាក្សា ស្តីពីគម្រោងនៃការធ្វើឱ្យប្រសើរឡើងនៃប្រព័ន្ធគាំពារសង្គម និងសុខាភិបាលនៅកម្ពុជា
ភ្នំពេញ៖ នារសៀលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករងបេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តំណាង ឯកឧត្តម ម៉េង ហុង អគ្គនាយកបេឡាជាតិសន្តិសុខសង្គមស្តីទី បានដឹកនាំក្រុមការងារបច្ចេកទេស ជួបប្រជុំជាមួយក្រុមការងារកិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ) ដើម្បីពិភាក្សាដំណាក់កាលគម្រោងបន្ទាប់ស្តីពី គម្រោង ការធ្វើឲ្យប្រសើរឡើង នៃប្រព័ន្ធគាំពារសង្គម និងសុខាភិបាល។
កិច្ចប្រជុំខាងលើផ្ដោតសំខាន់លើប្រព័ន្ធគាំពារសង្គម និងសុខភាព ដើម្បីឆ្លើយតបទៅនឹងភាពងាយរងគ្រោះ និងបរិយាបន្នគុណភាពសេវា ដោយមានលទ្ធផលរំពឹងទុកចំនួន៣ រួមមាន៖ (១).ក្របខណ្ឌយុទ្ធសាស្ត្រសម្រាប់ការធ្វើឲ្យប្រសើរឡើងកិច្ចគាំពារសង្គម (២).ធាតុផ្សំនៃប្រព័ន្ធគាំពារសង្គមដែលគិតគូរអំពីតម្រូវការរបស់ក្រុមងាយរងគ្រោះ និង (៣).សមត្ថភាពអនុវត្តរបស់ប្រតិបត្តិករគាំពារសង្គម ត្រូវបានពង្រឹង។
ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតអគ្គនាយករង ប.ស.ស. បានពិភាក្សាយ៉ាងស៊ីជម្រៅពាក់ព័ន្ធនឹងចំណុចសំខាន់ៗក្នុងការអនុវត្តរបស់ ប.ស.ស. និងការស្នើសុំការជួយគាំទ្រផ្នែកហិរញ្ញវត្ថុ និងផ្នែកបច្ចេកទេសបន្ថែមពីកិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ) ដើម្បីយកមកអភិវឌ្ឍស្ថាប័ន និងធនធានមនុស្សបន្តទៀត៕