ឯកឧត្តម កេង សុម៉ារិទ្ធ ដឹកនាំកិច្ចប្រជុំក្រុមការងារទទួលបន្ទុកពិនិត្យ និងផ្សព្វផ្សាយសេចក្តីសម្រេចរបស់តុលាការលើរឿងក្តីរដ្ឋប្បវេណី
ភ្នំពេញ៖ នៅព្រឹកថ្ងៃអង្ការ ៤កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ នៅក្រសួងយុត្តិធម៌ ឯកឧត្តម កេង សុម៉ារិទ្ធ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងារទទួលបន្ទុកពិនិត្យ និងផ្សព្វផ្សាយសេចក្តីសម្រេចរបស់តុលាការលើរឿងក្តីរដ្ឋប្បវេណី បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី២ នៃក្រុមការងារទទួលបន្ទុកពិនិត្យ និងផ្សព្វផ្សាយសេចក្តីសម្រេចរបស់តុលាការលើរឿងក្តីរដ្ឋប្បវេណី។
កិច្ចប្រជុំនេះ មានការអញ្ជេីញចូលរួមពី ឯកឧត្តម លោកជំទាវ ជាអនុប្រធាន លោក លោកស្រី ដែលជាសមាជិកនៃក្រុមការងារ ព្រមទាំងមានការចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធ Zoom ពីក្រុមអ្នកជំនាញការ JICA ប្រចាំក្រសួងយុត្តិធម៍ និងអ្នកជំនាញនៃ JICA head quarter នៅប្រទេសជប៉ុន ដែលជាដៃគូសហប្រតិបត្តិការផ្នែកបច្ចេកទេសលើកិច្ចការពិនិត្យ និងផ្សព្វផ្សាយសេចក្តីសម្រេចរបស់តុលាការលើរឿងក្តីរដ្ឋប្បវេណីផងដែរ។
កិច្ចប្រជុំនេះបានពិនិត្យ និងពិភាក្សាលើរបៀបវារៈចំនួន ២ រួមមាន៖
(១)-ការកំណត់អំពីវិសាលភាព និងប្រភេទនៃសេចក្តីសម្រេចផ្នែករដ្ឋប្បវេណី ដែលត្រូវជ្រើសរើស ដើម្បីធ្វើការផ្សព្វផ្សាយ។
(២)-ការកំណត់វិធីសាស្រ្ត និងបច្ចេកទេសក្នុងការពិនិត្យសេចក្តីសម្រេចផ្នែករដ្ឋប្បវេណី។
ឆ្លងតាមកិច្ចពិភាក្សាលេីរបៀបវារ:ដែលបានកំណត់ និងបន្ទាប់ពីបានស្តាប់មតិចូលរួមរបស់អ្នកជំនាញការ JICA និងមន្ត្រីជំនាញ ដែលធ្លាប់បានចូលរួមអនុវត្តការងារដាក់បង្ហាញសេចក្តីសម្រេចតុលាការក្នុងរឿងក្តីរដ្ឋប្បវេណី នៃគម្រោងអភិវឌ្ឍន៍វិស័យច្បាប់ និងយុត្តិធម៌ ជំហានទី៥ កន្លងមក, ក្រុមការងារបានឯកភាពជ្រេីសរេីសយកសេចក្តីសម្រេចពីតាមសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់ តាមវិស័យជាក់លាក់សំខាន់ៗ មកធ្វេីការពិនិត្យ និងបានកំណត់ជាគោលការណ៍លេីវិធីសាស្រ្ត និងបច្ចេកទេសការងារដែលត្រូវអនុវត្តផងដែរ ៕