អាជ្ញាធរជាតិអប្សរា និងរដ្ឋបាលព្រៃឈើ សហការគ្នារៀបចំកែលម្អស្ថានីយបណ្ដុះកូនឈើស្ពានអង្គរ
ភ្នំពេញ៖ តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានណែនាំឱ្យអាជ្ញាធរជាតិអប្សរា និងរដ្ឋបាលព្រៃឈើ សហការគ្នាកែលម្អ និងរៀបចំប្រែក្លាយស្ថានីយបណ្ដុះកូនឈើស្ពានអង្គរ ឱ្យទៅជាស្ថានីយបណ្ដុះកូនឈើដ៏ធំមួយនៅក្នុងតំបន់រមណីយដ្ឋានអង្គរ ដើម្បីអភិរក្ស និងបង្កើនពូជរុក្ខជាតិកម្រ ដែលកំពុងប្រឈមនឹងការបាត់បង់ ក្នុងគោលបំណងចែកជូនក្រសួង/ស្ថាប័ន និងសាធារណជនយកទៅដាំនៅសៀមរាប-អង្គរ និងតាមបណ្ដាខេត្តផ្សេងៗទៀតទូទាំងប្រទេសដោយឥតបង់ថ្លៃ។
គម្រោងសហការនេះសំដៅលើការរៀបចំប្លង់និងផែនការមេ ការលើកកម្ពស់ទេសភាពវប្បធម៌ដោយរុះរើសំណង់មិនរៀបរយចេញ រៀបចំថ្នាលបណ្ដុះកូនឈើ ជួសជុលរហាត់ទឹកឱ្យដំណើរការឡើងវិញ កែលម្អសោភ័ណភាព អនាម័យ បរិស្ថាន និងសម្បទាចាំបាច់សម្រាប់គាំទ្រដល់ការដាក់ឱ្យដំណើរការស្ថានីយនេះទាំងមូលនាពេលឆាប់ៗខាងមុខនេះផងដែរ៕