ប្រមុខរាជរដ្ឋាភិបាល សង្ឃឹមថា ការអនុវត្តកម្មវិធីកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤ នឹងទទួលបានដោយជោគជ័យ
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបង្ហាញក្ដីសង្ឃឹមថា ការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤ នឹងទទួលដោយជោគជ័យ ជាមួយនឹងការដកស្រង់នូវមេរៀន និងពិសោធន៍ល្អៗ។
ក្នុងពិធីបិទកិច្ចប្រជុំត្រួតពិនិត្យប្រចាំឆ្នាំ២០២៣ នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៤ នាថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤នេះ សម្ដេចធិបតី បានថ្លែងសង្ឃឹមថា ដំណាក់កាលទី៤ នឹងត្រូវបានអនុវត្តប្រកបដោយជោគជ័យ ជាមួយនឹងការដកស្រង់នូវមេរៀន និងពិសោធន៍ល្អៗ ព្រមទាំងការតាមដាន, ការត្រួតពិនិត្យ និងការវាយតម្លជាបន្តបន្ទាប់ ដើម្បីរួមគ្នាដោះស្រាយបញ្ហាប្រឈម និង ជម្នះនូវឧបសគ្គផងទាំងពួង ប្រកបដោយស្មារតីសាមគ្គី, កិច្ចសហការ និងការសម្របសម្រួលខ្ពស់ ក្នុងគោលបំណងសម្រេចឱ្យបាន នូវចក្ខុវិស័យ កសាងប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈកម្ពុជា ឱ្យឆ្លើយតប ទៅតាមស្តង់ដា និង ឧត្តមានុវត្តន៍អន្តរជាតិ ៕