សម្តេចធិបតី៖ ឆ្នាំ៩០ជាង ស្ទើតែគ្រប់ក្រសួងស្ថាប័ន សរសេរផែនការ ពឹងអ្នកជំនាញពីខាង IMFនិង WB តែឥឡូវរាល់ផែនការ គឺកូនខ្មែរជាអ្នកសរសេរ
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា កាលពីកំឡុងឆ្នាំ១៩៩០ជាង ពេលនោះសឹងតែគ្រប់ក្រសួងស្ថាប័នរដ្ឋទាំងអស់ សរសេរផែនការ ពឹងផ្អែកអ្នកជំនាញរបស់អង្គការដៃគូអភិវឌ្ឍន៍ ដូចជា IMF និង WB ប៉ុន្តែបច្ចុប្បន្នគឺសរសេរផែនការ ដោយកូនខ្មែរទាំងអស់។
ក្នុងឱកាសអញ្ជើញសម្ពោធអគារសាកលវិទ្យាល័យជាតិគ្រប់គ្រង សាខាវាលស្បូវ និងប្រគល់សញ្ញាបត្រជូននិស្សិតជាង ៥ពាន់នាក់ នាព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចធិបតីបញ្ជាក់ថា «ឆ្នាំ៩០ជាង ខ្ញុំចាំសឹងតែគ្រប់ក្រសួងស្ថាប័នទាំងអស់ ពេលនោះសរសេរផែនការ គឺយើងពឹងអ្នកជំនាញពីខាង IMF, World Bank ច្រើន ឥឡូវរាល់ផែនការរបស់យើង គឺកូនខ្មែរ មន្ត្រីខ្មែរអ្នកធ្វើ តាំងពីថ្នាក់ជាតិ ដល់ថ្នាក់ក្រោមជាតិ អ្នកណាថាកម្ពុជាពឹងលើប្រទេសនេះ ប្រទេសនោះ ទៅមើលទៅ ការគ្រប់គ្រង រៀបចំផែនការ ដឹកនាំកសាង អនុវត្តផែនការរបស់យើងគ្រប់វិស័យទាំងអស់ ទាំងឯកជន ទាំងរដ្ឋ សមត្ថភាពកូនខ្មែរយើង ដែលភាគច្រើនទទួលការបណ្តុះបណ្តាលក្នុងប្រទេស ៤០ឆ្នាំមកនេះ ពិតណាស់មានកូនខ្មែរមួយចំនួន បានទៅបណ្តុះបណ្តាលក្រៅប្រទេស ជាអាហារូបករណ៍រៀនថ្នាក់ឧត្តមសិក្សា តែភាគីច្រើនទទួលបានការបណ្តុះបណ្តាលក្នុងប្រទេសនោះ ហើយជាភាពម្ចាស់ការឯករាជ្យដែលយើងត្រូវពង្រឹង»។
សម្តេចបន្ថែមថា កាលពីឆ្នាំ៩០ជាង កម្ពុជាអាចទាញវិនិយោគមកបណ្តាក់ទុនរកស៊ីនៅកម្ពុជា សម្រាប់តែការវិនិយោគណា ប្រើប្រាស់កម្លាំងពលកម្ម ដែលមានជំនាញទាបនោះទេ ដូចជាកាត់ដេរជាដើម ប៉ុន្តែបច្ចុប្បន្ននេះកម្ពុជាអាចទាញការវិនិយោគកម្រិតធ្ងន់ បច្ចេកវិទ្យា។
សម្តេចបានឱ្យដឹងថា នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេច និងរដ្ឋមន្ត្រីក្រសួងស្ថាប័នពាក់ព័ន្ធមួយចំនួន បានប្រជុំដាក់ចេញផែនការមួយចំនួន អំពីការរៀបចំអនាគត ដើម្បីទាញនូវវិស័យឧស្សាហកម្ម ឌីជីថល និងផ្សេងៗទៀត ឱ្យមកបណ្តាក់ទុនវិនិយោគនៅកម្ពុជា ហើយដើម្បីទាក់ទាញពួកគេមកវិនិយោគបាន ដោយសារយើងមានធនធានមនុស្ស ដែលនេះជាការធានានូវការប្រកួតប្រជែង និងភាពម្ចាស់ការរបស់យើង៕