មេទ័ពអាកាស ក្រើនរំលឹកកងទ័ពត្រូវស្មោះត្រង់ចំពោះរាជរដ្ឋាភិបាលកើតចេញពីការបោះឆ្នោត ដឹកនាំដោយសម្ដេចធិបតី
ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ សឹង សំណាង អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងអាកាស បានក្រើនរំលឹកកងទ័ព ត្រូវស្មោះត្រង់ចំពោះជាតិ សាសនា ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាលកើតចេញពីការបោះឆ្នោតដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត។
ការក្រើនរំលឹកបែបនេះ បានធ្វើឡើងក្នុងឱកាសដែល ឯកឧត្តម នាយឧត្តមសេនីយ៍ សឹង សំណាង អញ្ជើញជាតំណាង ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ ជំនាញការពារអាកាសនៅថ្ងៃ១៥ ខែកុម្ភៈ ឆ្នាំ២០២៤ នៅបញ្ជាការដ្ឋានការពារអាកាសអគ្គបញ្ជាការត្មាតពង។
ឯកឧត្តម នាយឧត្តមសេនីយ៍ សឹង សំណាង បានចាត់ទុកសន្និបាតនេះថាជាព្រឹត្តិការណ៍មួយដែលគ្រប់តួអង្គពាក់ព័ន្ធទាំងអស់បានមកជួបជុំគ្នា និងរួមគ្នាធ្វើការពិនិត្យ និងវាយតម្លៃអំពីលទ្ធផលដែលសម្រេចបានក្នុងឆ្នាំ២០២៣កន្លងទៅ ព្រមទាំងលើកបញ្ហាប្រឈម និងដំណោះស្រាយ។ ជាពិសេសការដាក់ចេញទិសដៅការងារសម្រាប់ឆ្នាំ២០២៤ ប្រកបដោយភាពគ្រប់ជ្រុងជ្រោយ និងមានប្រសិទ្ធភាព ចូលរួមចំណែកអនុវត្តនូវគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។
ក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ក៏បានគូសបញ្ជាក់ដែរថា កិច្ចការពារជាតិ គឺជាអាទិភាពមួយក្នុងចំណោមអាទិភាពទាំងឡាយដែលថ្នាក់ដឹកនាំតែងយកចិត្តទុកដាក់ ដើម្បីធានាឱ្យបាននូវសន្តិភាព ស្ថិរភាពនៅកម្ពុជា។
ឯកឧត្តម នាយឧត្តមសេនីយ៍ បានទាញចំណាប់អារម្មណ៍ថា ឥឡូវនេះឥទ្ធិពលការវាទទីភូមិសាស្ត្រនយោបាយរបស់ពួកបរទេស បានឱ្យកម្ពុជាគិតគូរពីគោលនយោបាយ និងយុទ្ធសាស្ត្រការពារជាតិ ដើម្បីឆ្លើយតបនឹងការគំរាមកំហែងគ្រប់ប្រភេទមកលើសន្តិសុខជាតិ និងអនាគត់។ កងទ័ពត្រូវពង្រឹងដើម្បីធានាការការពារសន្តិភាព ឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដីនៅគ្រប់កាលៈទេសៈ។
ឯកឧត្តម នាយឧត្តមសេនីយ៍ សឹង សំណាង ក៏បានរំលឹកដល់នាយទាហាន ពលទាហានកងការពារអាកាស ត្រូវយកចិត្តទុកដាក់កម្រិតខ្ពស់ដល់សន្តិសុខជាតិ ស្ថិរភាព និងសណ្តាប់ធ្នាប់សង្គម គឺជាកត្តាចាំបាច់បំផុត និយាយជារួមសន្តិភាពកើតមាននៅកម្ពុជា គឺជាពលិកម្មសាច់ស្រស់ ឈាមស្រស់របស់យុទ្ធជន យុទ្ធនារី។
«រយៈពេលកន្លងមកនេះ ពួកអមិត្តវានៅតែចិញ្ចឹមចិត្តចង់ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីការបោះឆ្នោត និងឆន្ទៈប្រជាពលរដ្ឋនៅទូទាំងប្រទេស ស្របពេលដែលពួកគេកំពុងតែធ្វើសកម្មភាពប្រឆាំង យើងត្រូវតែលើកកំពស់ស្មារតីទទួលខុសត្រូវ និងពង្រឹងការប្រុងប្រយ័ត្នការពាររាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់ ទប់ស្កាត់ប្រកបដោយប្រសិទ្ធិភាពខ្ពស់រាល់ឧបាយកលគ្រប់រូបភាពដែលមានបំណងអាក្រក់ ឱ្យទទួលបរាជ័យយ៉ាងអាមាស់»។ នេះជាការលើកឡើងរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សឹង សំណាង។
ក្នុងពិធីបិទសន្និបាតនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ សឹង សំណាង ក៏បានណែនាំដល់កងទ័ពត្រូវបន្តយកចិត្តទុកដាក់ធ្វើជាសេនាធិការជូនអគ្គមេបញ្ជាការលើការងារគ្រប់គ្រងដែនអាកាសសហការជាមួយកងទ័ពជើងអាកាស និងអង្គភាពជំនាញពាក់ព័ន្ធ។ ត្រូវជំរុញការងារហ្វឹកហ្វឺនប្រចាំឆ្នាំតាមផែនការ ត្រូវរៀបចំផែនការកសាងកម្លាំងដោយផ្អែកលើការងារកំណែទម្រង់របស់កងយោធពលខេមរភូមិន្ទ។
បន្ថែមពីលើនោះត្រូវគ្រប់គ្រងថែទាំគ្រឿងបំពាក់ទៅតាមបទដ្ឋានបច្ចេកទេស ដើម្បីធានាដល់ការប្រើប្រាស់ប្រកបដោយប្រសិទ្ធិភាព។ កត្តាសាមគ្គីភាព ឯកភាពផ្ទៃក្នុងត្រូវរក្សាឱ្យបានល្អប្រសើរ ត្រូវចេះរក្សាកិច្ចការសម្ងាត់យោធាឱ្យបានខ្ជាប់ខ្ជួន ៕