អាជ្ញាធរជាតិអប្សរា កំពុងធ្វើការជួសជុលខ្លោងទ្វារទី២ ចូលពីខាងកើតប្រាសាទប្រែរូប
ភ្នំពេញ៖ ក្រុមអ្នកបច្ចេកទេសនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា អាជ្ញាធរជាតិអប្សរាកំពុងធ្វើការជួសជុលពង្រឹងខ្លោងទ្វារទី២ ខាងកើតប្រាសាទប្រែរូប ដែលទ្រុឌទ្រោមខ្លាំង។
យោងតាមអាជ្ញាធរជាតិអប្សរាបានឲ្យដឹងថា ការងារជួសជុលនេះ ក្រុមអ្នកបច្ចេកទេសបានអនុវត្តការងារសំខាន់ចំនួនពីរគឺជួសជុលពង្រឹងឡើងវិញតួប៉មឥដ្ឋដែលមានសភាពពុកផុយ ធ្វើការពង្រឹងរចនាសម្ពន្ធថ្មភក់និងថ្មបាយក្រៀមផ្នែកខាងក្រោម ព្រមទាំងបិទបាយអតាមស្នាមប្រេះ និងចន្លោះប្រហោងការពារជម្រាបទឹកផងដែរ។
នេះគឺជាផ្នែកមួយនៃកិច្ចការអភិរក្ស ដែលអាជ្ញាធរជាតិអប្សរាបានអនុវត្តជាប្រចាំ ក្នុងគោលគំនិតដើម្បីថែរក្សា លើកតម្លៃប្រាសាទផង និងដើម្បីរក្សាសុខសុវត្ថិភាពដល់ភ្ញៀវទេសចរផង។
សូមបញ្ជាក់ថា ប្រាសាទប្រែរូបត្រូវបានកសាងឡើងនាចុងសតវត្សរ៍ទី១០ក្នុងគ.ស.៩៦១ ដោយ ព្រះបាទរាជេន្ទ្រវរ្ម័នទី២ បច្ឆាមរណៈ ព្រះនាម “សិវលោក” ដើម្បីឧទ្ទិសថ្វាយចំពោះលទ្ធិព្រហ្មញ្ញសាសនា៕