ទេសរដ្ឋមន្រ្តី អុី ឈាន អញ្ជើញប្រកាសសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន
ភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ៧កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម អុី ឈាន ទេសរដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការព្រំដែន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន។
ក្នុងពិធីប្រកាសសមាសភាពនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានពាំនាំការសួរសុខទុក្ខពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការអនុវត្តនូវគោលនយោបាយជាតិដែលបានដាក់ចេញ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ព្រមទាំងការបង្កើតក្រុមការងារចុះមូលដ្ឋាន ដើម្បីបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ និងចូលរួមលើកកម្ពស់សេដ្ឋកិច្ចជាតិ។
ក្នុងឱកាសនេះ ឯកឧត្តមទេសរដ្ឋមន្រ្តី បានគូសបញ្ជាក់ថា ក្រុមការងារចុះមូលដ្ឋានត្រូវសហការគ្នា សាមគ្គីគ្នា ធ្វើឱ្យបានល្អ មានឆន្ទៈ មានការទទួលខុសត្រូវ និងមានភាពម្ចាស់ការ ហើយចាំបាច់ស្តាប់ពីតម្រូវការ បញ្ហាប្រឈមពិតប្រាកដរបស់ប្រជាពលរដ្ឋដើម្បីរួមគ្នាគិត រួមគ្នាដោះស្រាយជូនប្រជាពលរដ្ឋ ឱ្យមានប្រសិទ្ធភាពបំផុត ស្របតាមគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល ៕