បណ្ឌិត អ៊ាង សុផល្លែត៖ ជួយឱ្យប្រជាសហគមន៍ទាំងអស់មានបានជាមុន ទើបអាចលែងចូលព្រៃប៉ះពាល់ធម្មជាតិដោយខុសច្បាប់
ភ្នំពេញ៖ ក្រសួងបរិស្ថានកំពុងគិតគូស្របតាមយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ជួយឱ្យប្រជាសហគមន៍ទាំងអស់មានបានជាមុនសិន ទើបជួយឱ្យពួកគាត់លែងចូលព្រៃ ប៉ះពាល់ជាមួយធនធានធម្មជាតិដោយខុសច្បាប់។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានលើកឡើងបែបនេះ ក្នុងឱកាសដែលឯកឧត្តមបណ្ឌិត បានអញ្ចើញពិនិត្យលើសក្តានុពល ទេសចរណ៍ធម្មជាតិ និងវប្បធ៌ម ដើម្បីអភិវឌ្ឍន៍ គោលដៅកម្សាន្តបៃតង នៅក្នុងឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម«ភ្នំគូលែន» នៅថ្ងៃសៅរ៍ ៨កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤។
ក្នុងឱកាសអញ្ជើញពិនិត្យទីតាំងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ នៅជំរុំតង់អូរជប់ថ្មល់ នៃសហគមន៍តំបន់ការពារធម្មជាតិ ព្រៃធំអន្លង់ធំ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងថា ការអភិវឌ្ឍន៍នានាបន្ថែមនៅទីនេះ ដើម្បីបំរើអោយវិស័យទេសចរណ៍បៃតង់ និង ផ្តល់ជុំរើសការងារល្អប្រសើរមួយទៀត ដើម្បីជំរុញជីវភាពប្រចាំថ្ងៃរបស់ប្រជាសហគមន៍តាមរយៈការផ្តល់សេវាកម្មផ្សេងដល់ភ្ញៀវទេសចរណ៍ និងបោះបង់ការងារខុសច្បាប់ទាំងឡាយលើធនធានធម្មជាតិ។
ឯកឧត្តមរដ្ឋមន្រ្តី បានបន្ថែមថា ការជួយជំរុញជីវភាពសហគមន៍ឱ្យមានរីកចម្រើន គឺស្របតាមគោលការណ៍រួម ស្តីពីការគ្រប់គ្រង និងអភិវឌ្ឍក្នុងតំបន់ការពារធម្មជាតិ ដែលបានបានបំបែកចេញ ពីយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ឆ្នាំ២០២៣-២០២៨។
លើសពីនេះ ក្រសួងបរិស្ថានជួយដល់សហគមន៍នៅលើភ្នំគូលែន លើកស្ទួយ និងបង្ហាញពីជាតិនិយមរបស់ខ្មែរ តាមរយៈរៀបចំហេដ្ឋារចនាសម្ព័ន្ធបៃតង មិនចម្លងវប្បធម៌ដទៃ តែផ្តួចផ្តើម និងបង្កើតនូវគំនិតថ្មីៗ ដែលមានលក្ខណៈជាខ្មែរ ដែលជំរុញឱ្យមានការទាក់ទាញ ទេសចរក្រៅប្រទេសឱ្យមកកម្សាន្ត និងទស្សនាតំបន់ការពារធម្មជាតិដ៏ល្អរបស់កម្ពុជាផងដែរ។
ឯកឧត្តមរដ្ឋមន្ត្រី បានផ្តាំផ្ញើរឱ្យយកចិត្តទៅដាក់លើការពារព្រៃធម្មជាតិ ដែលជាចលករយ៉ាងសំខាន់សម្រាប់បង្កើនចំណូល ជីវភាព តាមរយៈការទាក់ទាញភ្ញៀវទេសចរណ៍និង និងជាពិសេស សម្រាប់ជួយកម្ពុជាសម្រេចទស្សនវិស័យអព្យាក្រឹតកាបូន នៅឆ្នាំ២០៥០ បន្ថែមលើនេះ ឯកឧត្តមរដ្ឋមន្ត្រីក៏បានលើកទឹកចិត្តឱ្យប្រជាសហគមន៍ ដាំដើមឈើ និងចូលរួមថែរក្សាអនាម័យបរិស្ថាន នៅតាមគោលដៅទេសចរណ៍ធម្មជាតិនានា ស្របតាមចលនា «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិចទេ» ដែលបានកំពុងទទួលបានការចូលរួមពីមនុស្សជិត៥លាននាក់ ៕