បណ្ឌិត អ៊ាង សុផល្លែត អញ្ជើញសម្ពោធឆ្លងមហាកុដិ និងសមិទ្ធផលនានា នៅវត្តសុវណ្ណមាលី ហៅវត្តទន្លេបិទ ក្នុងស្រុកត្បូងឃ្មុំ
ភ្នំពេញ៖ នាថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបុណ្យសម្ពោធឆ្លងមហាកុដិទំហំ ១១ម៉ែត្រx១៩ម៉ែត្រ រូបដំរីចំនួន ០១គូ និងជួសជុលសាលាឆាន់ រួមនឹងសមិទ្ធផលដទៃទៀតក្នុងបរិវេណវត្តសុវណ្ណមាលី ហៅវត្តទន្លេបិទ ដែលមានផ្ទៃក្រឡាជាង ១០ម៉ឺនម៉ែត្រការ៉េ (១៤២,៩៣៥ម៉ែត្រការ៉េ) ស្ថិតនៅភូមិយាយស ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ លោកយាយលោកតា និងសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ រួមនិងថវិកាសម្រាប់កសាងវត្ត ទុកជាកេរដំណែលមនុស្សជាតិ សម្រាប់កូនចៅជំនាន់ក្រោយ ជាមួយគ្នានេះ ភាពស្អាត ភាពបៃតង និងចីរភាព ជាយុទ្ធសាស្រ្តគន្លឹះដែលក្រសួងបរិស្ថានបានដាក់ចេញ ក៏ជាកិត្តយសមួយដែរសម្រាប់បងប្អូនប្រជាពលរដ្ឋកម្ពុជាយើង ពីព្រោះថា ភាពស្អាតនឹងសាយភាយទៅកាន់ពិភពលោក ហើយជនបរទេសនៅលើពិភពលោកនឹងមកលេងកម្ពុជា ដោយម្យ៉ាងយើងមានអង្គរវត្ត ហើយម្យ៉ាងទៀតប្រទេសយើងស្អាត មានសម្រស់ធម្មជាតិបៃតងល្អ តាមរយៈគោលដៅលំហែបៃតង ដែលជាតំបន់អេកូទេសចរណ៍ធម្មជាតិនៅតាមសហគមន៍មូលដ្ឋាន នៅទូទាំងប្រទេស។
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត មានប្រសាសន៍ថា ក្រោមម្លប់នៃសុខសន្តិភាពជាង៤០ឆ្នាំ និងការអភិវឌ្ឍរីកចម្រើនគ្រប់វិស័យឥតឈប់ឈរ ក្រោមអគ្គមគ្គុទេសក៍ដ៏ឆ្នើមពេញដោយឋាមពលរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បាននាំមកនូវភាពសុខដុមរមនានៃសាសនា ដើម្បីរក្សាសុខសន្តិភាព និងជំរុញកំណើនសេដ្ឋកិច្ច ឱ្យមានការអភិវឌ្ឍឆ្ពោះទៅកាន់ចក្ខុវិស័យប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ២០៥០ ៕