សម្ដេចធិបតី៖ ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ បានជួយឱ្យការធ្វើដំណើរប្រជាពលរដ្ឋកាន់តែងាយស្រួល
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ស្ពាន ផ្លូវ គឺបានជួយឱ្យការធ្វើដំណើរប្រជាពលរដ្ឋកាន់តែងាយស្រួល កាត់បន្ថយចំណាយ និងកាត់បន្ថយពេលវេលាធ្វើដំណើរ បង្រួមខេត្តក្រុងឱ្យកាន់តែជិតគ្នា។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍បែបនេះ ក្នុងឱកាសដែលសម្តេចបានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធបើកការដ្ឋានជាផ្លូវការស្ថាបនាស្ពានឆ្លងទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤។
ក្នុងឱកាសនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍បន្តថា តាមរយៈកំណើន ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាននៅទូទាំងប្រទេសកម្ពុជា បានចូលរួមរុញកំណើន រោងចក្រ សហគ្រាស ជាច្រើនទៅដល់បណ្ដាខេត្ត បង្កើនការងារ និងមុខរបរជាច្រើនដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ៕