ប្រមុខរាជរដ្ឋាភិបាល៖ ផ្លូវប្រៀបបានទៅនឹងសរសៃឈាម ផ្លូវទៅដល់ទីណាអាចចិញ្ចឹមសិរីរាង្គនៅទីនោះ
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ បានថ្លែងថា ផ្លូវកំណត់ក្ដីសង្ឃឹម មានផ្លូវរឹងមាំ មានសង្ឃឹមកាន់តែរឹងមាំវែងឆ្ងាយ មានផ្លូវច្រើនខ្សែមានន័យថា ជម្រើសនៃក្តីសង្ឃឹមក៏កាន់តែមានច្រើន។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តថ្លែងថា ការដាក់ទិសដៅលើការកសាងហេដ្ឋារចនាសម្ព័ន្ធរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ គឺមិនរាថយនោះទេ។ រាជរដ្ឋាភិបាលនៅតែបន្តខិតខំប្រឹងប្រែងធ្វើការងារនេះ ព្រោះផ្លូវបានជួយសម្រួលចរាចរណ៍ កាត់បន្ថយការចំណាយ និងបើកឱកាសអោយប្រជាពលរដ្ឋអាចប្រកបរបរបាន ពោលគឺផ្លូវប្រៀបដូចសរសៃឈាម ផ្លូវទៅដល់ណា អាចចចិញ្ចឹមសិរីរាង្គនៅទីនោះបាន។
ក្នុងឱកាសដែលសម្តេចបានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) ប្រវែង ៨៤៥,៧០ ម៉ែត្រ និងផ្លូវតភ្ជាប់ប្រវែងសរុប ៨០៤,៣០ ម៉ែត្រ នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការកសាងផ្លូវហេដ្ឋារចនាសម្ព័ន្ធគឺជួយបានច្រើនណាស់ រួមទាំងជួយបង្កើនជីវភាពរស់នៅរបស់ពលរដ្ឋទៀតផង។ ផ្លូវមិនមែនរុញសម្រាប់តែប្រជាជនចំណាកស្រុកនោះទេ ប៉ុន្តែផ្លូវអាចជួយរុញរោងចក្រសហគ្រាស និងការងារទៅដល់មូលដ្ឋាន ៕