សម្តេចធិបតី ស្នើចិន បន្តជួយអភិវឌ្ឍន៍គម្រោងសាងសង់ ហេដ្ឋារចនាសម្ព័ន្ធធំៗនៅកម្ពុជា
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានស្នើរដ្ឋាភិបាលចិន និងក្រុមហ៊ុនវិនិយោគរបស់ចិន បន្តជួយ និងមកបណ្តាក់ទុនវិនិយោគលើគម្រោងសាងសងហេដ្ឋារចនាសម្ព័ន្ធធំៗ បន្តទៀតនៅកម្ពុជា ដូចជាគម្រោងផ្លូវល្បឿនលឿន គម្រោងផ្លូវនាវាចរណ៍ព្រែកជីកតេជោ-ហ្វូណន គម្រោងផ្លូវរថភ្លើងធន់ស្រាល និងរថភ្លើងក្រោមដីទាំងនៅរាជធានីភ្នំពេញ និងខេត្តសៀមរាប។
ក្នុងឱកាសដែលសម្តេចអញ្ជើញបើកការដ្ឋានសាងសង់ស្ពានឆ្លងទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) តម្លៃជាង៦០លានដុល្លារ នាថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចធិបតី បញ្ជាក់ថា «ការជួយជ្រំជ្រែង និងការជួយឧបត្ថម្ភគាំទ្រទាំងនេះ បានធ្វើឱ្យមិត្តចិនក្លាយជាប្រទេសលំដាប់ទីមួយដែលបានផ្តល់ឥណទានសម្បទាន និងជំនួយជាច្រើនសម្រាប់ការកសាងអភិវឌ្ឍន៍ និងការកសាងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននៅកម្ពុជា។ តាមរយៈឯកអគ្គរាជទូតចិន សូមជួយលើកទឹកចិត្តក្រុមហ៊ុនវិនិយោគចិនឱ្យបន្តទុកចិត្តលើរាជរដ្ឋាភិបាល និងចូលរួមបណ្តាក់ទុនវិនិយោគលើគម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗ បន្តទៀតនៅកម្ពុជា ដូចជាគម្រោងផ្លូវល្បឿនលឿន គម្រោងផ្លូវនាវាចរណព្រែកជីកតេជោ-ហ្វូណន ណន គម្រោងផ្លូវរថភ្លើងធន់ស្រាល និងរថភ្លើងក្រោមនៅរាជធានីភ្នំពេញ និងខេត្តសៀមរាប រួមទាំងគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់សំខាន់ៗដទៃទៀតផងដែរ»។
សម្តេចធិបតីបានវាយតម្លៃខ្ពស់ និងសូមអរគុណ ចំពោះប្រជាជន និងរដ្ឋាភិបាលចិន ដែលជាមិត្តដែកថែបរបស់កម្ពុជា និងជាដៃគូរសំខាន់ក្នុងការគាំទ្រដល់ការអភិវឌ្ឍននៅកម្ពុជា នៅគ្រប់វិស័យ និងគ្រប់កាលៈទេសៈទាំងអស់ដែលមិនមានលក្ខខណ្ឌស្មុគ្រស្មាញ៕